(ភ្នំពេញ)៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចនិងជា អនុប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា តំណាងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានទទួលគណៈប្រតិភូដែលដឹកនាំដោយ លោក សាយ សោមភូនភូមិវីហាន សមាជិកការិយាល័យ នយោបាយមជ្ឈឹមបក្ស បដិវត្តប្រជាជនឡាវ និងជាប្រធានគណៈកម្មាធិការ មជ្ឈឹមរណសិរ្សកសាងជាតិឡាវ នារាត្រីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញ។
លោកស្រីក៏បានថ្លែងថា ប្រជាជនកម្ពុជា តែងចងចាំ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះបក្សរដ្ឋ រណសិរ្ស និងប្រជាជនឡាវ ជាបងប្អូន ដែលរយៈកាលកន្លងមក តែងតែជួយឧបត្ថម្ភ និងគាំទ្រនៅគ្រប់កាលៈទេសៈ ដល់បុព្វហេតុរំដោះជាតិ កសាងសន្តិភាព និងវឌ្ឍនភាពរបស់កម្ពុជា។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក សាយសំភូន ភូមិវិហាន បានលើកឡើងអំពីការរីកចម្រើនរបស់កម្ពុជា និងបានឆ្លុះបញ្ចាំងឲ្យឃើញ ពីការរួមសាមគ្គីគ្នា ជាធ្លុងតែមួយ នៅក្នុងសង្គមប្រជាជាតិខ្មែរ ដែលជាផ្នែកមួយ ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យមានការរីកចម្រើន ជាលំដាប់ លើគ្រប់វិស័យរហូតមកដល់ ពេលបច្ចុប្បន្ននេះ។
លោកស្រី ម៉ែន សំអន ក៏បានស្នើឲ្យទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែមាន ការរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ៕