(ភ្នំពេញ)៖ ក្នុងរយៈពេល៣ថ្ងៃ គណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានដោះស្រាយពាក្យបណ្តឹង ចំនួន៣៩បណ្តឹង ក្នុងចំណោម បណ្តឹងសរុប១៤៨បណ្តឹង ដែលបានប្តឹងតវ៉ាមកកាន់គ.ជ.ប។ ចំណែក នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ គ.ជ.ប នឹងបន្តដោះស្រាយ បណ្តឹងចំនួន២៣បណ្តឹងបន្ថែមទៀត។ គ.ជ.ប បានបើកសវនការជាសាធារណៈ ចំនួនបីលើករួចមកហើយ ចាប់ពីថ្ងៃទី១៦ដល់ ថ្ងៃទី១៨ ខែមករាម្សិលមិញនេះ។
គ.ជ.ប បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ គ.ជ.ប បានដោះស្រាយលើពាក្យបណ្ដឹងចំនួន៧ បានរក ឃើញឈ្មោះដែលមានបញ្ហាមានចំនួន១៨១នាក់ តែបានលុបចេញពីបញ្ជីឈ្មោះបោះឆ្នោតថ្មីចំនួន១៤នាក់ប៉ុណ្ណោះ។ ចំណែកនៅ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ គ.ជ.ប បានសម្រេចរក្សាទុកឈ្មោះទាំង៣៧៨នាក់ ក្នុងបណ្តឹងចំនួន១៦ ក្នុងបញ្ជីបោះឆ្នោតដំបូងឲ្យនៅដដែល និងថ្ងៃទី១៨ ខេមករា គ.ជ.ប បានសម្រេចរក្សាទុកឈ្មោះទាំង២០០នាក់ ក្នុងបណ្តឹងចំនួន១៦ ក្នុងបញ្ជីបោះឆ្នោតដំបូងឲ្យនៅដដែល។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងនៅថ្ងៃទី១៩ ខែមករានេះថា គ.ជ.ប ទទួលបាន ពាក្យបណ្តឹងសរុប១៤៨បណ្តឹង ក្នុងចំណោមបណ្តឹងជាង៥ពាន់បណ្តឹងនៅថ្នាក់ក្រុមប្រឹក្សាឃុំ-សង្កាត់។ លោក ហង្ស ពុទ្ធា បន្តថា ក្នុងករណីដែលគ.ជ.ប ដោះស្រាយ បណ្តឹង មិនសះជារហូតដល់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ទេនោះ បណ្តឹងដែល នៅសេសសល់នឹងបន្តរហូតដល់ក្រុមប្រឹក្សាធម្មនុញ្ញជាអ្នកដោះស្រាយបន្តទៀត។ ក្រុមប្រឹក្សាធម្មនុញ្ញ មានរយៈពេល ១០ថ្ងៃ ក្នុងការដោះស្រាយបន្តទៀត។
គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ គ.ជ.ប នឹងបើកសវនការសង្ខេបវិញ ក្នុងការដោះស្រាយបណ្តឹងដែលនៅសេសសល់ ដោយសារបណ្តឹងដែលត្រូវដោះស្រាយមិនសូវជាចាំបាច់ក្នុងការប់កសវនការសាធារណៈ ប៉ុន្តែ នឹងមានការបើកសវនការសាធារណៈវិញ ក្នុងករណីចាំបាច់៕