(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩មករានេះ សាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រទីតាំងទី២ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល «ស.វ.ស» បានរៀបចំពិធីប្រកាសដាក់ឲ្យដំណើរការ កម្មវិធីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រព្យាបាលដោយចលនា បន្តពីថ្នាក់បរិញ្ញាបត្ររង ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក MICHAEL TAN ឯកអគ្គរដ្ឋទូតប្រទេសសឹង្ហបូរីប្រចាំកម្ពុជា។

ក្នុងឱកាសនោះក៏រួមមាន ទីប្រឹក្សាក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ ស.វ.ស លោកស្រីសាស្រ្តាចារ្យ Celia TAN នាយិកានៃអង្គការ Group Allied Health, Singapore Health Services (SingHealth) លោក REGINALD WEE នាយកនៃមូលនិធិអន្តរជាតិនៃសឹង្ហបូរី (SIF) ថ្នាក់ដឹកនាំទាំងអស់ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល លោក-លោកស្រី ជាប្រធានមជ្ឈមណ្ឌលជាតិ នាយកដ្ឋាន មន្ទីរពេទ្យជាតិ មន្រ្តីរាជការ បុគ្គលិក និងនិស្សិត ស.វ.ស។

លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ បានថ្លែងថា «ចាប់ពីឆ្នាំ១៩៨៧ មកដល់ឆ្នាំ២០១៦ សាកលវិទ្យាល័យបានបណ្តុះបណ្តាលអ្នកព្យាបាលដោយចលនា ចំនួន ២៦ជំនាន់ ដែលមានចំនួននិស្សិតសរុប៤៦៣នាក់ ក្នុងនោះមាននិស្សិតស្រី ចំនួន១៦២នាក់។ ខ្ញុំសូមថ្លែងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះដៃគូអភិវឌ្ឍនានា រួមមានអង្គការ JICA អង្គការជនពិការអន្តរជាតិ ដែលបានគាំទ្រដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្នុងបណ្តុះបណ្តាល ពីការព្យាបាល ដោយចលនា នាពេលកន្លងមក និងសូមអរគុណជាពិសេស ដល់មូលនិធិអន្តរជាតិសឹង្ហបូរី អង្គការ ICRC និងសមាគមព្យាបាលដោយចលនាកម្ពុជា ដែលបានចូលចំណែកយ៉ាងសកម្ម ក្នុងការរៀបចំកម្មវិធីសិក្សាបណ្តុះបណ្តាល ថ្នាក់បរិញ្ញាបត្រព្យាបាលដោយចលនា បន្តពីថ្នាក់បរិញ្ញាបត្ររង ឲ្យចេញរូបរាងឡើងនាពេលនេះ»

លោកស្រីសាស្រ្តាចារ្យ Celia TAN ក៏បានលើកឡើងពីកិច្ចសហការយ៉ាងស្អិតរមួតរវាង SingHealth និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលជាដៃគូដ៍ល្អក្នុងការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាល ថ្នាក់បរិញ្ញាបត្រព្យាបាលដោយចលនា បន្តពីថ្នាក់បរិញ្ញាបត្រ ក្នុងគោលបំណងលើកតម្កើងវិជ្ជាជីវៈ ការព្យាបាលដោយចលនា នៅកម្ពុជា តាមរយៈការបណ្តុះបណ្តាលចំណេះដឹង និងសមត្ថភាពជំនាញ ដើម្បីធានាឱ្យអ្នកឯកទេសព្យាបាលដោយចលនា ផ្តល់ការថែទាំអ្នកជម្ងឺឱ្យកាន់តែប្រសើរ។

លោក Jean Tan នាយកប្រតិបត្តិរបស់ SIF បានលើកឡើងថា SIF មានមោទនភាពចូលរួមក្នុងការអនុវត្ត គម្រោងសហការរយៈពេលប្រាំឆ្នាំនេះ។ ចាប់តាំងពីឆ្នាំ១៩៩២មក ប្រជាជនសិង្ហបុរី និងប្រជាជនកម្ពុជា បានធ្វើការរួមគ្នាលើគម្រោងកសាងសមត្ថភាពជាច្រើន ដើម្បីចែករំលែកចំណេះដឹងជំនាញ និងធនធាន ដើម្បីឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។ ភាពជាដៃគូនេះ បញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់អ្នកជំនាញផ្នែកសុខភាពសិង្ហបុរី-កម្ពុជាក្នុងការដោះស្រាយ បញ្ហាប្រឈម ដែលបានជួបប្រទះ និងចូលរួមជាចំណែក ធ្វើឲ្យជីវភាពរបស់ប្រជាជនកាន់តែប្រសើរ។

ជាមួយគ្នានោះ ឯកអគ្គរដ្ឋទូតប្រទេសសឹង្ហបូរីប្រចាំកម្ពុជាលោក MICHAEL TAN បានថ្លែងផងដែរថា «ខ្ញុំមានក្តីសោមនស្ស ដោយបានដឹងថា គម្រោងនេះនឹងទទួលបានអត្ថប្រយោជន៍ ដល់មន្ទីរពេទ្យ និងមជ្ឈមណ្ឌលវេជ្ជសាស្រ្ត ចំនួន១៣ នៅកម្ពុជា ដែលនិស្សិតបញ្ចប់ការសិក្សាពីកម្មវិធីនេះ នឹងអាចទៅបម្រើការងារនៅក្នុងស្ថាប័នរដ្ឋាភិបាល ដូចជាមន្ទីរពេទ្យកាល់ម៉ែត និងស្ថាប័នផ្សេងទៀតដូចជាមន្ទីរពេទ្យគន្ធបុប្ផាជាដើម។ នេះជាកម្មវិធី បណ្តុះបណ្តាលអ្នកស្ម័គ្រចិត្ដជំនាញថែទាំសុខភាពរយៈពេលប្រាំឆ្នាំ រវាងមូលនិធិសិង្ហបុរីអន្តរជាតិ (SIF), សេវាសុខភាពសិង្ហបុរី (SingHealth) និងសាលាបច្ចេកទេសវេជ្ជសាស្រ្តថែទាំ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលបង្ហាញពីការប្តេជ្ញាចិត្ត របស់ប្រទេសសិង្ហបុរី មកកាន់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសមត្ថភាពរបស់មនុស្ស។

លោកសាស្ត្រាចារ្យ ធា គ្រុយ បានលើកឡើងថា «សង្ឃឹមថា តាមរយៈការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រព្យាបាលដោយចលនានេះ យើងនឹងមានលទ្ធភាព បំពេញជាបណ្តើរៗ នូវកង្វះខាតអ្នកឯកទេសព្យាបាលដោយចលនា នៅតាមមន្ទីរពេទ្យបង្អែក ដែលនៅទីនោះ សេវាព្យាបាលដោយចលនា មានត្រឹម ៤៤%នៃមន្ទីរពេទ្យបង្អែកសរុប ទូទាំងប្រទេសតែប៉ុណ្ណោះ បើយោងតាមរបាយការណ៍នៃសន្និបាតជាតិព្យាបាលដោយចលនាលើកទី១៦ កាលពីខែធ្នូ ឆ្នាំ ២០១៦កន្លងទៅ។ ដូច្នេះខ្ញុំសំណូមពរ ដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងដៃគូរួមការងារពាក់ព័ន្ធទាំងអស់ ខិតខំរកគ្រប់វិធីក្នុងការពង្រឹង និងពង្រីកជំនាញនេះ ឲ្យបានកាន់តែប្រសើរឡើងថែមទៀត ដើម្បីឆ្លើយតប ទៅនឹងតម្រូវការ នៃសេវាព្យាបាលដោយចលនា របស់ប្រជាពលរដ្ឋកម្ពុជា ដែលមានការកើនឡើងជាលំដាប់»

គួររម្លឹកថា ចាប់ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ២០០៦ សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត នៃស.វ.ស បានចាប់ផ្ដើមផ្តល់ការបណ្ដុះបណ្ដាល ផ្នែកព្យាបាលដោយចលនា ដែលមានរយៈពេល៣ឆ្នាំ។ ចាប់ពីឆ្នាំ ២០០៧ មកទល់បច្ចុប្បន្ន ក្រោមកិច្ចសហការរវាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ជាមួយអង្គការ JICA កម្មវិធីសិក្សាមុខវិជ្ជាព្យាបាលដោយចលនា ត្រូវបានកែសម្រួលនិង បានក្លាយជាកម្មវិធីសិក្សាជាតិថ្នាក់បរិញ្ញាបត្ររងផ្នែកព្យាបាលដោយចលនា ដែលមានសិក្សារយៈពេល៣ឆ្នាំ៕