(ភ្នំពេញ)៖ ស្ព្រីងបតប្រចាំនៅកម្ពុជា នៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ បានរៀបចំការតាំងពិព័រណ៍បង្ហាញ ពីការអប់រំរបស់ សកលវិទ្យាល័យល្បីៗចំនួន១៦ នៅចក្រភពអង់គ្លេស។ ពិព័រណ៍នេះ មាននិស្សិតខ្មែរជាច្រើនចូលរួមស្វែងយល់ និងបង្ហាញចំណាប់ អារម្មណ៍ ចង់ទទួលការអប់រំនៅតាមសាកលវិទ្យាល័យ របស់អង់គ្លេស។
សាលា និងសកលវិទ្យាល័យល្បីដែលបានចូលរួមក្នុងពិព័រណ៍នេះរួមមាន៖ Cambridge Education Group, Abbey DLD Group of Colleges, Kaplan International Colleges, Brooke House College England, INTO the global education partners, Queen Ethelburga’s York England, Astrum Education, Bellerbys College, Nottingham Trent University, University of the West of England, University of Worcester, University of Sunderland, University of Portsmouth, Cardiff Metropolitan University និង The University of Winchester។
កញ្ញា សំណាង លីដាណែត តំណាងស្រ្ពីងបតប្រចាំនៅកម្ពុជា បានឲ្យដឹងថា ដោយមានការគាំទ្រពីស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ការតាំងពិព័រណ៍អប់រំនេះ ធ្វើឡើងក្នុងគោលបំណងដូចតទៅ ដើម្បីពង្រឹងសហប្រតិបត្តិការរវាងសាកលវិទ្យាល័យចក្រភពអង់គ្លេស និង សាកលវិទ្យាល័យ និងសាលារៀននៅកម្ពុជា។
នៅក្នុងពិព័រណ៍នោះ ក៏មានការចែករំលែកបទពិសោធន៍ពីការអប់រំតាមរយៈការធ្វើបទបង្ហាញរបស់តំណាងរបស់សាកលវិទ្យាល័យ ដើម្បីឲ្យសិស្ស និស្សិតខ្មែរ បានយល់ដឹងកាន់តែច្បាស់ពីប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស និងការផ្តល់ឱកាសឲ្យនិស្សិតស្វែងរក ព័ត៌មាន អាហារូបករណ៍ការតាំងពិព័រណ៍ការសិក្សានេះ។ សិស្ស និស្សិត ជាច្រើនបានសាកសួរ និងប្រឹក្សាយោបល់ដោយផ្ទាល់ ជាមួយតំណាងសា កលវិទ្យាល័យ និងមហាវិទ្យាល័យនានា។
តាមរយៈពិព័រណ៍នេះ តំណាងមកពីស្ថាប័ន CAMBRIDGE ENGLISH LANGUAGE ASSESSMENT និង តំណាងពី IELTS BRITISH COUNCIL ធ្វើបទបង្ហាញចែករំលែកពីគន្លឹះក្នុងការប្រឡង ដើម្បីបានកម្រិតពិន្ទុល្អ និងការប្រើប្រាស់វិញ្ញាបនបត្រ ដើម្បីស្នើសុំអាហាររូបករណ៍ផ្សេងៗ រួមជាមួយការធ្វើបទបង្ហាញពីព័ត៌មានអាហាររូបករណ៍ របស់មន្រ្តីសម្របសម្រួលគម្រោង អាហាររូបករណ៍របស់ចក្រភពអង់គ្លេស ( Chevening Scholarship ) ។
កញ្ញា លីដាណែត បានបន្តថាដោយមានការសហការល្អជាមួយ IELTS BRITISH COUNCIL បានផ្តល់ជូនការសិក្សាវគ្គត្រៀម ប្រឡង IELTS ពិសេសដល់និស្សិតកម្ពុជាចំនួន ៧២ម៉ោង ដោយឥតគិតថ្លៃ និង ការផ្តល់រង្វាន់ទស្សនកិច្ចសិក្សា ទៅសាកលវិទ្យាល័យ Notting ham University នៅប្រទេសម៉ាឡេស៊ីចំនួន ១០កន្លែង។ លើសពីនេះទៅទៀត IELTS BRITISH COUNCIL ផ្តល់ជូនសម្រាប់និស្សិត កំពុងសិក្សានៅខេត្តសៀមរាប គឺការប្រកួតសំណេរតែងសេចក្តីដើម្បី ទទួលបានរង្វាន់ការប្រឡង តេស្ត IELTS ដោយឥតគិតថ្លៃចំនួន២ រង្វាន់។
កញ្ញា លីដាណែត បាន បញ្ជាក់ផងដែរថា នេះជាលើកទី៩ហើយ ដែលស្រ្ពីងបតប្រចាំនៅកម្ពុជាបានរៀបចំកម្មវិធីការតាំងពិព័រណ៍ អប់រំមួយនេះ។ ក្នុងនាមកញ្ញាជាអ្នករៀបចំកម្មវិធី និង ជាអ្នកប្រឹក្សាយោបល់និស្សិត សូមផ្តល់យោបល់ទៅដល់និស្សិតដែលបាន ចូលរួមថា ប្រសិនបើមិត្តនិស្សិតចង់ដឹងព័ត៌មាន លំអិតទាក់ទងការសិក្សានៅក្រៅប្រទេស ដូចជា ប្រទេសអង់គ្លេស អូស្ត្រាលី ណូវែលសឺឡង់ កាណាដា អាមេរិច សូមទំនាក់ទំនង ស្រ្តីងបតប្រចាំនៅកម្ពុជា»៕