(ភ្នំពេញ)៖ ឧកញ៉ាដ៏ល្បាញល្បីជួយកិច្ចការសង្គមមួយរូបនៅកម្ពុជា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប បន្ទាប់ពីបានបរិច្ចាគថវិកាផ្ទាល់ខ្លួនរហូតដល់ ២លានដុល្លារអាមេរិក ដល់មន្ទីរពេទ្យគន្ធបុប្ជា ដើម្បីជួយសង្គ្រោះជីវិតកុមារនៅកម្ពុជានាពេលថ្មីៗនេះ, ដោយថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះអ្នកឧកញ៉ា ហុង ពីវ ដែលគេផ្តល់រហ័សនាមថា ជាសេដ្ឋីចិត្តធម៌បានចំណាយលុយជាង៦០ម៉ឺនដុល្លារ អាំងប៉ាវចូលឆ្នាំចិនដល់បុគ្គលិកជាង១០០០នាក់ ព្រមទាំងអនុញ្ញាតឲ្យ ឈប់សម្រាក៦ថ្ងៃថែមទៀតផង។
លោក ពិសិដ្ឋ មន្រ្តីជាន់ខ្ពស់នៅក្រុមហ៊ុនពិភពថ្មីគ្រុប បានថ្លែងឲ្យដឹងថា «នៅក្នុងឱកាសចូលឆ្នាំថ្មីនេះលោកឧកញ៉ា បានចំណាយថវិកាប្រមាណជាង ៦០ម៉ឺនដុល្លារដល់បុគ្គលិកទាំងអស់របស់លោកចំនួនជាង១០០០នាក់ ក្នុងម្នាក់ៗ៦០០ដុល្លារ និងថ្នាក់ប្រធានៗបាន៩០០ដុល្លារក្នុងម្នាក់ៗ ព្រមទាំងអនុញ្ញាតឲ្យឈប់ចំនួន៦ថ្ងៃផងដែរ»។
ថ្លែងនៅក្នុងឱកាសទទួលបានលុយអាំងប៉ាវ នៅថ្ងៃនេះ លោក ពិសិដ្ឋ តំណាងឲ្យបុគ្គលិកក្រុមហ៊ុនទាំងអស់ សូមថ្លែងអំណរគុណចំពោះលោកឧកញ៉ា និងក្រុមគ្រួសារ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងពុទ្ធពរទាំង៤ប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមជំរាបថា កាលពីឆ្នាំមុន (ឆ្នាំ២០១៥) អ្នកឧកញ៉ា ហុង ពីវ បានបរិច្ចាគថវិកាចំនួន១លានដុល្លារដល់មន្ទីរពេទ្យគន្ធបុប្ជា ហើយក៏បានសន្យាចំពោះលោក Beat Richner ថា ឆ្នាំក្រោយ (គឺឆ្នាំនេះ) នឹងផ្តល់ថវិកាច្រើនជាងឆ្នាំចាស់។ សម្រាប់ពេលឥឡូវនេះទឹកប្រាក់បរិច្ឆាកឆ្នាំថ្មី២០១៦នេះ មានរហូតដល់២លានដុល្លារ។
សូមបញ្ជាក់ថា មិនត្រឹមតែជួយដល់មន្ទីរពេទ្យគន្ធបុប្ផា អ្នកឧកញ៉ា ហុង ពីវ នាពេលកន្លងមកតែងតែជួយដល់កិច្ចសប្បុរសធម៌ផ្សេងៗជាច្រើននៅកម្ពុជា ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនចំពោះទឹកចិត្តសប្បុរសធម៌របស់អ្នកឧកញ៉ា។
សូមរំលឹកថា កាលខែឧសភា ឆ្នាំ២០១៦ ជួយឧត្ថម្ភថវិកា ៣៦ម៉ឺនដុល្លារ សម្រាប់ជួយសាងសង់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ។ កាលពីថ្ងៃទី០៨ ខែឧសភា ក្នុងឱកាសប្រារព្ធខួបលើកទី១៥៣ ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមឆ្នាំ២០១៦នេះ បរិច្ចាគថវិកាដល់កាកបាទក្រហម ១លាន ២សែន ៨ម៉ឺនដុល្លារ។ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ជួយឧបត្ថម្ភថវិកា២០ម៉ឺនដុល្លារ ជួយសាងសង់ផ្ទះជូនអតីតយុទ្ធជន ៣៤៥ខ្នង។
នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ចែកអង្គរសែនក្រអូប៣៨០តោន តម្លៃជាង ២០ម៉ឺនដុល្លារពីធនាគារស្រូវ ចែកជូនប្រជាពលរដ្ឋ និងបុគ្គលិក កម្មករ ក្នុងក្រុមហ៊ុន
ថ្ងៃទី០៨ ខែតុលា ដែលជាថ្ងៃខួបកំណើតកូនស្រីអ្នកឧកញ៉ា ហុង ពីវ បានចូលក្រាបបង្គំគាល់ព្រះមហាក្សត្សខ្មែរ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី និងថ្វាយតង្វាយថវិកា ១០ម៉ឺនដុល្លារ និងអង្ករ ៦០០តោន តម្លៃជាង ៣២ម៉ឺនដុល្លារ ដើម្បីព្រះមហាក្សត្រយកទៅចែកជូនប្រជារាស្រ្តក្រីក្រ ១៣ ខែតុលា ឧកញ៉ា ហុង ពីវ បានជួយនាំយកកុមារីពិការភ្នែកទាំងសងខាងម្នាក់ទៅព្យាបាលនៅក្នុងប្រទេសសិង្ហបុរី៕