(ភ្នំពេញ)៖ ពិតជារឿងមួយនឹកស្មានមិនដល់ សម្រាប់តារាចម្រៀងជើងថ្មី និងជាម្ចាស់បទ «ទាល់តែយូរទើបស៊ីអូនបាន» កញ្ញា ច័ន្ទ ម៉ាលីស បានទទួលកាដូរ យ៉ាងគាប់ចិត្តក្នុងថ្ងៃខួបកំណើតរបស់នាង គឺគ្រឿងពេជ្រមួយឈុត មានតម្លៃប្រមាណជាង២ម៉ឺនដុល្លារ និងការប្រគល់ជូននូវហាងអាហារ ស្ថិតនៅក្នុងខេត្តព្រៃវែង ដែលមានតម្លៃជាង២០ម៉ឺនដុល្លារ ឲ្យនាងក្លាយជាម្ចាស់កម្មសិទ្ធិគ្រប់គ្រងផ្ទាល់ ខណៈការងារសិល្បៈរបស់នាង ក៏កំពុងមានសន្ទុះ គួរឲ្យកត់សម្គាល់។
ការប្រគល់ជូនកាដូ ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ គឺត្រូវបានប្រកាសឡើង ក្នុងថ្ងៃខួបកំណើតគម្រប់អាយុ២២ឆ្នាំ របស់តារាចម្រៀង ច័ន្ទ ម៉ាលីស ដែលមហាជនស្គាល់នាងច្បាស់ តាមរយៈការបកស្រាយបទចម្រៀង មានចំណងជើងថា «ទាល់តែយូរទើបស៊ីអូនបាន» ធ្វើឲ្យទស្សនិកជនប្រតិកម្មយ៉ាងខ្លាំង ចំពោះអត្ថន័យបទចម្រៀង រហូតក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសបិទមិនឲ្យចាក់ផ្សាយ បទចម្រៀងនេះ។
តារាចម្រៀងធ្មេញជំពើស កញ្ញា ច័ន្ទ ម៉ាលីស បានថ្លែងក្នុងទឹកមុខញញឹមញញែមថា បន្ទាប់ពីបទចម្រៀងរបស់នាង ត្រូវបានទទួលប្រតិកម្ម ពីមហាជន រហូតដល់ថ្នាក់ក្រសួងប្រកាសបិទ មិនឲ្យចាក់ផ្សាយមក បានធ្វើឲ្យរូបនាងត្រូវបានគេស្គាល់ច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយគាប់ជូននាងបានហក់ចូល ក្នុងផលិតកម្ម BN បន្ថែមទៀត ធ្វើឲ្យនាងមានទ្រនំត្រឹមត្រូវក្នុងការចេញបទចម្រៀង Original Song វាយលុកក្នុងទីផ្សារ ពង្រឹងប្រជាប្រិយភាពខ្លាំងឡើងបន្ថែមទៀត។ ជាការពិតទោះបីបទចម្រៀង របស់នាង «ទាល់តែយូរទើបស៊ីអូនបាន» ត្រូវបានគេប្រតិកម្ម ប៉ុន្តែនាងក៏អរគុណ ចំពោះបទនេះ ដែលធ្វើឲ្យគេស្គាល់នាង រហូតមានមហាជនខ្លះ តែងតែសំណូមពរឲ្យនាងច្រៀងបទនេះ ពេលចូលរួមក្នុងកម្មវិធីតូចធំផ្សេងៗ។
ងាកមកចាប់អារម្មណ៍ ក្នុងពិធីខួបកំណើតឯណេះវិញ តារាចម្រៀង កញ្ញា ច័ន្ទ ម៉ាលីស បានឲ្យដឹងថា នាងពិតជាសប្បាយរីករាយរកអ្វី ប្រៀបផ្ទឹមពុំបាន ដែលទទួលបានការលើកទឹកចិត្ត រហូតផ្ដល់ជូនជាកាដូរ មានតម្លៃជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ដែលជាកាដូរលើកដំបូងក្នុងជីវិតរបស់នាង។ ក្នុងចំណោមកាដូរដែលនាងទទួលបាននោះ គឺមានខ្សែក ខ្សែដៃ ក្រវិល និងចញ្ចៀនពេជ្រ សរុបមានតម្លៃ១៧៥០០ដុល្លារអាមេរិក និងការប្រគល់ហាងអាហារមួយកន្លែងក្នុងខេត្តព្រៃវែង ឲ្យនាងគ្រប់គ្រងផ្ដាច់មុខ ដែលមានតម្លៃជាង២០ម៉ឺនដុល្លារ ឲ្យនាងក្លាយជាម្ចាស់កម្មសិទ្ធផ្ទាល់តែម្ដង។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺអ្នកពិសេសរបស់នាង ពុំមែនគូសង្សារ ឬបុរសជាគូកំណាន់ចិត្តអ្វីនោះទេ ពោលគឺជាឪពុកម្ដាយរបស់នាងផ្ទាល់តែម្ដង ដែលបានផ្ដល់ទំនុកចិត្តដល់រូបនាង និងជូនកាដូរដ៏ច្រើនមហិមានេះ ខណៈការផ្ដល់ជូននេះ គឺពុំបានឲ្យនាងដឹងជាមុននោះទេ។
យ៉ាងណាមិញ ទោះបីចូលដល់ក្នុងវ័យ២២ឆ្នាំទៅហើយក្ដី ពេលសួរដល់អនាគតគូស្រករ ត្រូវបានតារាចម្រៀងរូបនេះ បញ្ជាក់ថា នាងមិនទាន់គិតគូអ្វីទាំងអស់ ព្រោះសំខាន់គឺការងារសិល្បៈ ដែលនាងពេញចិត្តតាំងពីយូរណាស់មកហើយ ទទួលបាននូវភាពជោគជ័យ និងការគាំទ្រឲ្យមានឈ្មោះល្បី ដូចបណ្ដាអ្នកសិល្បៈដទៃជាមុនសិន ចំណែករឿងគូអនាគត នាងមិនទាន់គិតទាន់ចង់បាន នៅពេលនេះទេ៕