(កំពង់ស្ពឺ)៖ លោក នរ រតនៈវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងលោករដ្ឋមន្រ្តី ហ៊ឹម ឆែម និងលោកស្រី សូ សុគន្ធារី នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ បានអញ្ជើញបញ្ចុះបឋមសិលាកសាងកុដិរហូត២១ខ្នង ដែលជាអំណោយ របស់លោក និងក្រុមគ្រួសារ ហើយគ្រោងបរិច្ចាគធនធានមានប្រមាណ៦៣,០០០ដុល្លារអាមេរិក។
លោករដ្ឋលេខាធិការ បានលើកឡើងពេលបញ្ចុះបឋមសិលាថា ក្នុងនាមលោកទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលអ្នកដឹកនាំផ្នែកសាសនា តែងតែបានដាស់តឿនដល់ការអភិវឌ្ឍន៍វិស័យសាសនា ឲ្យបានជឿនលឿនស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល។
លោកបានបញ្ជាក់ថា «ដោយមើលឃើញពីភាពខ្វះខាតរបស់វត្ត ជាពិសេសការស្នាក់នៅរបស់តាជី យាយជី ក្នុងវត្តពោធិពាន់ ហៅវត្តចំបក់ ក្រុមគ្រួសារលោក និងមានជំនួយពីសប្បុរជនផងដែរ បានចាប់ផ្តើមកសាងកុដិទាំង២១ខ្នងនេះឡើង សម្រាប់ការស្នាក់នៅរបស់ពួកគាត់»។
លោករដ្ឋលេខាធិការក្រសួងបានបន្តថា កុដិមួយខ្នងមានទំហំ ៥,៩០គុណ៣,៥០ ម៉ែត្រដែលមានតម្លៃស្មើ ៣០០០$ ហើយលោកផ្តល់ជូនសាងសង់រហូតចំនួន២១ខ្នង ស្មើនិង ២១បន្ទប់ ដែលត្រូវចំណាយទឹកប្រាក់ប្រមាណ៦៣០០០ដុល្លាអាមេរិក។
ប្រជាពលរដ្ឋចំណុះជើងវត្ត បានសាទរយ៉ាងកក់ក្តៅ ចំពោះការកសាងមហាកុដិយ៉ាងប្រណិតជូនដល់តា ជីយាយជី ហើយពលរដ្ឋក៏បានស្គាល់លោកតាមរយៈជាប្រធានគណៈពង្រឹងរបស់គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំវល្ល័ស ស្រុកសំរោងទងនេះផងដែរ៕