អ្នកនាំពាក្យអាវុធហត្ថ៖ មន្ដ្រីអាវុធហត្ថ៦នាក់ ត្រូវបានបណ្ដេញចេញពីក្របខណ្ឌ ក្រោយរកឃើញមានសារធាតុញៀនក្នុងខ្លួន
19-01-2017 11:05
(ភ្នំពេញ)៖ មន្ដ្រីអាវុធហត្ថចំនួន៦នាក់ ត្រូវបាននាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ប្រកាសបណ្ដេញចេញក្របខណ្ឌ ក្រោយពីពួកគេត្រូវបានរកឃើញមានសារធាតុញៀនក្នុងខ្លួន។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះថា «មន្ដ្រីអាវុធហត្ថ៦នាក់ហើយ ត្រូវបានរកឃើញមានសារធាតុញៀនក្នុងខ្លួន ក្រោយពីធ្វើតេស្ដ ហើយពួកគេត្រូវបាននាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសដេញចេញពីក្របខ័ណ្ឌ ជាបន្ទាន់ផងដែរ»។
បើតាមអ្នកនាំពាក្យរូបនេះ យុទ្ធនាការធ្វើតេស្ដរកសារធាតុញៀន ទៅលើកងកម្លាំងអាវុធហត្ថ នឹងធ្វើឡើងជាប្រចាំហើយឲ្យប្រធានអង្គភាព និងស្ថាប័ននិមួយៗ ធ្វើកិច្ចការងារនេះដោយខ្លួនឯង។
លោកឧត្តមសេនីយ៍ អេង ហ៊ី បានដកស្រង់ប្រសាសន៍របស់នាយឧត្តមសេនីយ៍ សៅ សុខា យ៉ាងដូច្នេះថា «បើយើងជាមន្ដ្រីអនុវត្តច្បាប់ ហើយទៅប្រើប្រាស់គ្រឿងញៀន តើឲ្យពលរដ្ឋគោរពយើងយ៉ាងដូចម្ដេច ដូច្នេះកងកម្លាំងណា ដែលរកឃើញជាប់ពាក់ព័ន្ធមានសារធាតុញៀន ត្រូវបណ្ដេញចេញពីក្របខណ្ឌ យ៉ាងដាច់ខាត»៕