(ភ្នំពេញ)៖ លោក ស សុខា តំណាងរាស្ដ្រមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត និងភរិយាលោកស្រី កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានផ្តួចផ្តើមគំនិតរៀបចំកម្មវិធីបរិច្ចាគឈាម នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧នេះ។ នៅថ្ងៃទី២២ ខែមករាខាងមុខនេះ ក៏ជាថ្ងៃ ដែលលោកស្រី កែ សួន សុភី សសុខា ប្រារព្ធពិធីខួបកំណើត ផងដែរ។
កម្មវិធីបរិច្ចាគឈាមខាងលើនេះ ធ្វើឡើងក្នុងគោលបំណង រួមចំណែកសកម្មភាព មនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស ដែលបាន និងកំពុងរងគ្រោះ ហើយត្រូវការឈាមជាចាំបាច់ ក្នុងការបន្តជីវិតឡើងវិញ។
បើតាមការបញ្ជាក់ឲ្យដឹងពី លោក សែម គន្ធា ជំនួយកាលោក ស សុខា និងជានាយរងការិយាល័យចរាចរណ៍ ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ បានស្នើទៅដល់ក្រុមអ្នកចូលរួមបរិច្ចាគឈាមទាំងអស់ឲ្យបានជ្រាបជាដំណឹងដែរថា បើសិនជាមានបំណងចូលរួមបរិច្ចាគឈាម សូមកុំពិសារគ្រឿងស្រវឹង នៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ហើយសូមសំរាកសំរានឲ្យបានគ្រប់គ្រាន់ នៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា កម្មវិធីបរិច្ចាគឈាម នឹងចាប់ផ្តើមនាវេលាម៉ោង៨៖០០នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យរុស្ស៊ី៕