(ព្រះវិហារ)៖ សមត្ថកិច្ច បានរកឃើញថា ព្រៃសហគមន៍ជាំតាម៉ឺនរងការកាប់បំផ្លាញរយៈពេល៦ថ្ងៃ ក្រោយល្បាតឃើញ ឈើកាត់ទុកកែច្នៃ១៣៧ដើម។ ព្រៃសហគមន៍ជាំតាម៉ឺន មានទីតាំងស្ថិតនៅក្នុងភូមិខ្ទមស្រែ ឃុំយាង ស្រុកគូលែន បានរងការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរពីសំណាក់ជនខិលខូចមួយចំនួនតូច។សមត្ថកិច្ចអះអាងថា ត្រឹមរយៈពេល៦ថ្ងៃ ពោលគឺ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ សមត្ថកិច្ចល្បាតឃើញ ឈើដែលគេកាត់ទុកចោលមានចំនួន១៣៧ដើម។
គួរបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ ព្រៃឈើក្នុងដែនជំរកសត្វ ព្រៃអភិរក្សក៏ដូចជាព្រៃឈើ សហគមន៍នានា តាមបណ្តា ខេត្តក្រុងផ្សេងៗបានរងការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីព្រក្នុងដីសម្បទានសេដ្ឋកិច្ចនានា ត្រូវបានកាប់ឈូសឆាយដាំ ដំណាំផ្សេងៗអស់ក៏ដោយ ក៏មានឈ្មួញខ្លះជ្រកក្រោមស្លាកដីសម្បទានសេដ្ឋកិច្ច នៅតែបន្តធ្វើ អាជីវកម្មឈើដោយគេប្រមូល ឈើពីខាងក្រៅយកមកដាក់ក្នុងក្រុមហ៊ុនដើម្បីបានភាពស្របច្បាប់ធ្វើការកែឆ្នៃ រួចយកទៅលក់តាមដេប៉ូនានា។
យ៉ាងណាម៉ិញដូចជា ក្រុមហ៊ុន ហុង សុភាព គណៈកម្មាការបង្ក្រាបបទល្មើសព្រៃឈើ ដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានបង្ក្រាបកាលពីខែមុន ព្រមទាំងដាក់ទោសមនុស្ស ចំនួន៤នាក់នោះ គឺក្រុមហ៊ុន នេះមិនមានឈើធ្វើអាជីវកម្មដែល ជាឈើយកចេញពីដីសម្បទានសេដ្ឋកិច្ចនោះទេផ្ទុយទៅវិញក្រុមហ៊ុននេះ បានប្រមូលឈើ ពីក្រៅដែលជាឈើខុសច្បាប់យកមកធ្វើអាជីវកម្ម។ក្រៅពីក្រុមហ៊ុនហុង សុភាពដែលបានបង្ក្រាបរួចក៏នៅមាន ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចផ្សេងៗក៏នៅប្រើរូបភាពនេះដែរ។
ករណីឈើ១៣៧ដើមដែលសមត្ថកិច្ចល្បាតប្រទះឃើញក្នុងព្រៃសហគមន៏ជាំតាម៉ឺនគេសង្សយ័ថាឈើជាច្រើនដើមនេះប្រហែលជាគេប្រុងដឹកជញ្ជូនចូលក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចណាមួយហើយ ទើបគេកាត់ទុកចោលបែបនេះបើសិនជាប្រជាពលរដ្ឋ ធម្មតាគាត់ច្បាស់ជាកាត់រលំហើយគាត់ជ្រៀកជាគ្រឿងផ្សេងៗដឹកចេញបាត់ទៅហើយ។ប៉ុន្តែទោះជាយ៉ាងណាឈើទាំង១៣៧ដើមត្រូវបានកំលាំងកងរាជអាវុធហត្ថស្រុកគូលែនបានប្រគល់ជូនមន្ត្រីដែនជំរកសត្វគូលែនព្រហ្មទេពដើម្បីរក្សាទុកនិងចាត់ការតាមច្បាប់។
យ៉ាងណាក៏ដោយ ក៏មានការអំពាវនាវឲ្យអជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗ គួរធ្វើការស្រាវជ្រាវ និងធ្វើការបង្ក្រាបឲ្យបាន ប្រយោជន៍ដើម្បីឲ្យព្រៃឈើយើងនៅដែនការពារនិងព្រៃសហគមន៏នៅគង់វង់៕