(ភ្នំពេញ)៖ គេនៅមិនភ្លេចទេនាគ្រាដែលសមាជិកជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ សម្រេចជាគោលការណ៍រួមដោយស្នើដាក់ លោក កឹម សុខា ជាប្រធានថ្នាក់ដឹកនាំក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលជាប្រធានក្រុមមតិភាគតិចក្នុងសភា កាលពីដើមខែធ្នូ ឆ្នាំ២០១៦នោះ លោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ បានព្យាយាមញែកកៅអីមួយនេះជាពីរគឺដោយឱ្យ លោក កឹម សុខា អង្គុយនៅកៅអីប្រធានថ្នាក់ដឹកនាំតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ហើយលោកអង្គុយនៅកៅអីប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា។
ការព្យាយាមញែកបែកនេះ ទោះបីជាលោកប្រធានប្រកាសម្តងហើយម្តងទៀតថា «តំណែងមិនសំខាន់ សំខាន់ភាពស្មោះត្រង់» យ៉ាងណាក៏ដោយ ក៏អ្នកនយោបាយ អ្នកវិភាគ និងសាធារណជននានា បានយល់ឃើញច្បាស់ណាស់ទៅហើយថា ការស្រឡាញ់តំណែងនេះគឺមិនមែនទើបនឹងចាប់ផ្តើមសម្រាប់លោកសម រង្ស៊ី នោះទេ ប៉ុន្តែជានិស្ស័យរបស់លោកតាំងតែពីមុនមកម្ល៉េះ។ ជាក់ស្តែងក្រោយការចរចានយោបាយ១ឆ្នាំក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៣ នាគ្រាដែលលោក កឹម សុខា ដែលក្រាញស៊ូទ្រាំ ក្នុងស្ថានភាពក្តៅត្រជាក់ធ្វើនយោបាយ នៅប្រទេសឡើងជាអនុប្រធានទី១ នៃរដ្ឋសភានោះ លោក សម រង្ស៊ី មិនព្រមធ្វើជាតំណាងរាស្រ្តធម្មតានោះទេ លោកបានទាមទារឱ្យមានការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីឱ្យលោកបានធ្វើជាប្រធានក្រុមតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ និងធ្វើជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា ដែលមានឋានៈស្មើនាយករដ្ឋមន្រ្តីផងដែរ។
ឥឡូវនេះតំណែងសំខាន់ៗនានារបស់លោក សម រង្ស៊ី នៅក្នុងរដ្ឋសភាបានបាត់បង់ទាំងស្រុង។ លោក កឹម សុខា ដែលទើបនឹងបានទទួលការលើកលែង ទោសពីព្រះមហាក្សត្រនោះ ក៏កំពុងតែចាត់ចែងការងារនៅក្នុងបក្សប្រឆាំង ក្នុងនាមជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិថែមទៀត។
បើក្រឡែកមើលបញ្ហាដែលកំពុងកើតឡើងវិញ រឿងរ៉ាវនៅក្នុងតុលាការក៏មិនមែនជាបញ្ហាងាយស្រួល សម្រាប់មេបក្សឆាំងមួយនេះដោះស្រាយនោះឡើយ។ លោក សម រង្ស៊ី ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ ពាក់ព័ន្ធនឹងការញុះញង់ថា លោក ហោ ណាំហុង ជាប្រធានគុកនៅជំរុំបឹងត្របែកនាសម័យខ្មែរក្រហម និងត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ៥ឆ្នាំ ពាក់ព័ន្ធនឹងករណីក្លែងឯកសារព្រំដែនកម្ពុជា-វៀតណាម។ ក្រៅពីនោះ លោក សម រង្ស៊ី ដែលនិរទេសខ្លួនអស់ រយៈពេលជាង១ឆ្នាំ ក៏កំពុងជាប់ពាក់ព័ន្ធនឹងបណ្តឹងនៅតុលាការច្រើនករណី ដែលមិនទាន់កាត់ទោសថែមទៀត។ ហើយនៅពេលនេះកំពុងជាប់ ជាមួយបណ្តឹងមួយទៀត របស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានដាក់ប្តឹងកាលពីម្សិលមិញ។
មានការស្ទាបស្ទង់ថា ប្រជាប្រិយភាពរបស់ លោក សម រង្ស៊ី ពេលនេះបានធ្លាក់ចុះខ្លាំង កត្តានេះហើយដែលបានធ្វើឱ្យលោក សម រង្ស៊ី ខ្វល់ចិត្តរហូតមក ហើយភ័យខ្លាចលោក កឹម សុខា មានមហិច្ចតាដណ្តើមយកគណបក្សប្រឆាំងតែម្តង។ បើសិនជាឱ្យនៅតែបន្តបែបស្ថានភាពនេះទៀតនោះ កុំថាឡើយតំណែងនៅក្នុងរដ្ឋសភា សូម្បីតែតំណែងនៅក្នុងគណបក្សក៏ត្រូវធ្លាក់ទាំងស្រុងលើ លោក កឹម សុខា ផងដែរហើយ លោក សម រង្ស៊ី អាចនឹងក្លាយជាអ្នកនយោបាយដែលត្រូវបានគេបំភ្លេចចោលក៏ថាបាន។
ដោយសារតែបញ្ហានេះហើយ ទើបឥឡូវនេះ គេសង្កេតឃើញថា លោក សម រង្ស៊ី កំពុងប្រើប្រាស់ធ្យោបាយ៣ដើម្បីទប់ទល់នឹងការបន្សាបឥទ្ធិពលខ្លួន នៅក្នុងប្រទេសកម្ពុជា និងក៏ដើម្បីកុំឱ្យគេថា បាត់មុខបាត់មាត់ចេញពីនយោបាយកម្ពុជាដែរ។ យុទ្ធសាស្រ្តទាំង៣នេះ គឺទី១. ទប់ស្កាត់នូវការបែកបាក់គ្នា នៅក្នុងគណបក្សប្រឆាំង ទី២. បន្តវាយប្រហារកាន់តែច្រើនលើគណបក្សប្រជាជនកម្ពុជា និងទី៣. បង្កើនការអុចអាលជាមួយនឹងប្រទេសជា ចៅហ្វាយដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា។
ទី១៖ ការទប់ស្កាត់បញ្ហាផ្ទៃក្នុងដែលកំពុងបែកបាក់៖ ភាពបែកបាក់នៅក្នុងផ្ទៃក្នុងគណបក្សសង្រ្គោះជាតិខ្លាំង រហូតដល់ពេលខ្លះមានទាំងការចេញមុខជាផ្លូវការ វាយបកគ្នាទៅវិញទៅមករវាងអ្នកគាំទ្រ លោក សម រង្ស៊ី និងលោក កឹម សុខា ក៏ដោយប៉ុន្តែលោក សម រង្ស៊ី ត្រូវតែអះអាងជាបន្តបន្ទាប់ថា លោកនិងលោក កឹម សុខា គឺជាដៃគូស្លាប់រស់មិនបែកបាក់គ្នាទេ។ កន្លងមកកញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា បានចេញមុខរិះគន់លោក សម រង្ស៊ី ដោយមានន័យថា បានសម្ងំសុខនៅក្រៅប្រទេស ទុកឱ្យឪពុកនាងដើរលើផ្លូវពិបាក នៅកម្ពុជាតែម្នាក់ឯង។ ជាមួយគ្នានេះ កញ្ញា មនោវិទ្យា ដែលមានតួនាទីជាអនុប្រធានផ្នែកទំនាក់ទំនងសាធារណៈ របស់គណបក្សប្រឆាំង ដែលប្រៀបដូចជាស្តេចក្រាញនៅក្នុងបក្សមួយរូប ក៏បានរិះគន់មេបក្សរបស់ខ្លួនដែលនិយាយថា លោកចង់ជាប់ពន្ធនាគារជំនួសសកម្មជន ដែលជាប់ឃុំទៀតផង។
ព្រឹត្តិការណ៍នេះបានធ្វើឱ្យមានភាពច្របូកច្របល់រង្គោះរង្គើផ្ទៃក្នុងបក្ស មានអ្នកខ្លះទាមទារឱ្យមានការធ្វើកំណែទម្រង់ថែមទៀតផង (ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ)។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបរទេសនានាកន្លងមកលោក សម រង្ស៊ី បានខិតខំប្រកែកអំពីការបែកបាក់គ្នា ហើយរុញច្រានបញ្ហានេះទម្លាក់កំហុសឱ្យ គណបក្សប្រជាជនកម្ពុជាថា ជាអ្នកព្យាយាមបំបែកបាក់លោកទៅវិញ ដើម្បីរំងាប់អារម្មណ៍អ្នកគាំទ្រ។
ទី២៖ វាយប្រហារលើគ្រប់រឿងលើរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជន៖
ទប់ទល់នឹងការបាត់បង់ប្រជាប្រិយភាពពេលនេះ លោក សម រង្ស៊ី ត្រូវតែសំញ៉ែងឱ្យគេឃើញថា លោកគឺជាដៃគូប្រកួតប្រជែងដ៏ខ្លាំងជាងគេរបស់ គណបក្សប្រជាជនកម្ពុជា។ រយៈពេលចុងក្រោយនេះ លោក សម រង្ស៊ី បានព្យាយាម វាយប្រហារចម្រុះទៅលើរាជរដ្ឋាភិបាលដូចជា បញ្ហាឃាតកម្មលើ លោកបណ្ឌិត កែម ឡី បញ្ហាព្រំដែន បញ្ហាដីធ្លី បញ្ហាការចុះឈ្មោះបោះឆ្នោត និងរិះគន់ថ្ងៃ៧មករាជាដើម។ ការវាយប្រហារនេះគឺដើម្បីទប់ស្កាត់កុំឱ្យ លោក កឹម សុខា មានឱកាសចរចាជាមួយគណបក្សប្រជាជនផង និងទទួលបានចំណាប់អារម្មណ៍ពីអ្នកគាំទ្រឡើងវិញផង។
ទី៣៖ រកឱកាសឱ្យដាក់សម្ពាធលើរដ្ឋាភិបាល៖
មួយរយៈពេលនេះលោក សម រង្ស៊ី បានខិតខំស្វែងរកជំនួយផ្សេងៗនៅក្នុងសហគមន៍អន្តរជាតិ។ ជាក់ស្តែងលោកបង្ហាញអំពីការជួបជាមួយមន្រ្តី NDI និងមន្រ្តីអន្តរជាតិមួយចំនួនទៀត។ ថ្មីៗនេះអង្គការអន្តរជាតិ២ចេញរបាយការណ៍វាយប្រហារលើកម្ពុជា អំពីការបាត់បង់ព្រៃឈើ និងឃាតកម្មលើ លោកបណ្ឌិត កែម ឡី ការចាប់សកម្មជនបក្សប្រឆាំងដាក់ពន្ធនាគារ និងការរិះគន់ថា រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដាក់សម្ពាធដល់គណបក្សប្រឆាំង។ មិនហ៊ានថាការចេញរបាយការណ៍នេះ ធ្វើឡើងតាមសំណើរបស់ លោក សម រង្ស៊ី ដែលគាំទ្រសហរដ្ឋអាមេរិកនោះទេ ក៏ប៉ុន្តែនាពេលកន្លងមក ប្រធានគណបក្សនេះ អ្វីក៏ហ៊ានធ្វើដែរឱ្យតែចំណេញនយោបាយ និងវាយប្រហារលើរដ្ឋាភិបាល ទោះបីខូចខាតប្រយោជន៍ជាតិ ប៉ុនណាក៏ដោយ។ ជាក់ស្តែងកាលពីឆ្នាំមុន ដើម្បីឱ្យមានសម្ពាធលើរដ្ឋាភិបាលកម្ពុជានេះ លោក សម រង្ស៊ី ថែមទាំងជំរុញឱ្យអឺរ៉ុបផ្តាច់ជំនួយលើប្រទេសកម្ពុជា ហើយអំពាវនាវឱ្យអឺរ៉ុបបញ្ឈប់ការ ទិញសម្លៀកបំពាក់ពីរោងចក្រនៅកម្ពុជា ដោយពុំបានគិតខ្វល់អំពីភាពអត់ការងារធ្វើរបស់កម្មករនោះទេ៕
ដោយ៖ នាយកំសត់