(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់សំណើជាច្រើនទៅកាន់លោក Stefan Lofven នាយករដ្ឋមន្រ្តី ស៊ុយអែត ក្នុងបំណងពង្រឹងទំនាក់ទំនងប្រទេសទាំងពីរផង និងដើម្បីនាំជាប្រយោជន៍ជូនប្រជាជន និងប្រទេសកម្ពុជាផងដែរ។
សំណើនោះបានធ្វើឡើងក្នុងពេលដែលសម្តេចតេជោ ហ៊ុន សែន និង លោក Stefan Lofven ជួយពិភាក្សាការងារទ្វេភាគីនៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅទីក្រុង Davos ប្រទេសស្វីស ទីកន្លែងដែលនាយករដ្ឋមន្រ្តីទាំងពីរអញ្ជើញមកចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧។
យោងតាមការចេញផ្សាយរបស់ទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្នុងជំនួបនោះ សម្តេចតេជោបានអរគុណនាយរដ្ឋមន្រ្តីស៊ុយអែត ដែលបានបើកស្ថានទូតនៅប្រទេសកម្ពុជា ដើម្បីពង្រឹងពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរឲ្យកាន់តែមានទំហំធំឡើង។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើភាគីស៊ុយអ៊ែត ពិនិត្យលទ្ធភាពក្នុងការនាំអង្ករពីកម្ពុជា រួមទាំងការលើកទឹកចិត្តដល់អ្នកវិនិយោគស៊ុយអ៊ែត ទៅបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា។
ទន្ទឹមនោះសម្តេចតេជោ ក៏បានស្នើដល់លោកនាយករដ្ឋមន្រ្តីស៊ុយអ៊ែត គាំទ្របេក្ខភាពប្រទេសកម្ពុជា ជាសមាជិកមិនអចិន្រៃ្តយ៍របស់ក្រុមប្រឹក្សាសន្តិសុអង្គការសហប្រជាជាតិ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ក៏បានអញ្ជើញ លោកនាយករដ្ឋមន្រ្តីស៊ុយអែត មកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ក្នុងខែឧសភា ឆ្នាំ២០១៧នេះ។
សម្តេចតេជោ ហ៊ុន សែន ក៏មិនភ្លេចជាមួយការអរគុណចំពោះរដ្ឋាភិបាល និង ប្រជាជនស៊ុយអែត ដែលបានជួយកម្ពុជាតាំងពីដើមទសវត្សរ៍៨០មក ក្នុងពេលកម្ពុជាទើបរំដោះខ្លួនចេញរបប ប៉ុល ពត ជួបប្រទះការលំបាកគ្រប់បែបយ៉ាងនោះ។
ក្នុងកិច្ចពិភាក្សាក្រោមបរិយាកាសប្រកបដោយភាពស្និទ្ធស្នាលនោះ លោក Stefan Löfven ក៏បានថ្លែងអំណរគុណ ចំពោះសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់លោកផ្ទាល់ និងរដ្ឋាភិបាលស៊ុយអែត ស្តីពីការសន្ទនាកម្រិតសង្គម និង Global Deal Initiative ។ បច្ចុប្បន្ននេះមានប្រទេសជាច្រើនកំពុងមានចរន្តគាំទ្រគំនិតផ្តួចផ្តើមស្តីពី Global Deal Initiative។
ក្នុងកិច្ចសន្ទនាគ្នានេះ មេដឹកនាំប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើសហប្រតិបត្តិការទ្វេភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ និងបញ្ហាជនភៀសខ្លួននៅតំបន់អាស៊ី និងអឺរ៉ុប ដែលកំពុងវិវត្តន៍កើនឡើង ហើយមេដឹកនាំអឺរ៉ុប និងអាស៊ានកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតនោះ៕