(ភ្នំពេញ)៖ លោក ស សុខា តំណាងរាស្រ្តវ័យក្មេងប្រចាំមណ្ឌលព្រៃវែង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះ បានអំពាវនាវដល់សាធារណជន ចូលរួមចូលទស្សនាព្រឹត្តិការណ៍កីឡាធំមួយ ដែលនឹងធ្វើឡើនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ខាងមុខ នៅពហកីឡដ្ឋានជាតិអូឡាំពិក ដើម្បីចូលរួមជួយមន្ទីរពេទ្យគន្ធបុប្ផា។
លោក ស សុខា បានបន្តថា ក្នុងព្រឹត្តិការណ៍កីឡានោះ នឹងមានការប្រកួតបាល់ទះ ប្រកួតបាល់ទាត់ ហើយក៏មានការចូលរួមបង្ហាញខ្លួន ពីក្រុមកីឡាករល្បីៗ តារាចម្រៀងល្បីៗ តារាកំប្លែងល្បីៗ និងសិល្បករជាច្រើនទៀត។
លោកក៏ប្រកាសដល់យុវជន យុវនារី និងមហាជនគ្រប់មជ្ឈដ្ឋាន មេត្តាចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីប្រមូលថវិកាទៅជូនមន្ទីរពេទ្យគន្ធបុប្ផា។ ចំពោះតម្លៃសំបុត្រវិញ គឺចាប់ពី ២,០០០រៀល ទៅ៤,០០០រៀល ប៉ុណ្ណោះ ពោលគ្រាន់តែផ្អាកញ៉ាំនំប៉័ងមួយកំណាត់ អាចជួយសង្គ្រោះកុមារបានជាច្រើននាក់៕