(កំពត)៖ កម្លាំងកងរាជអាវុធហត្ថ នៃមន្ទីយុត្តិធម៌ខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរង ជាប្រធានមន្ទីរយុត្តិធម៌អាវុធហត្ថខេត្ត ដោយមានសម្របសម្រួលពី លោក ខៃ សម្ភស្ស ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត ចុះបង្ក្រាបគ្រឿងញៀនមួយកន្លែង ដោយឃាត់បានជនសង្ស័យ៣នាក់។
ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង នៅយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិស្នំប្រាំពីរ ឃុំម៉ាកប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។
លោកមេបញ្ជាការរង ហែម ចាន់ដារ៉ា ខាងលើ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលឃាត់ខ្លួនរួមមាន ទី១៖ឈ្មោះ ជួន សុភ័ក្រ អាយុ៣៣ឆ្នាំ, ទី២៖ឈ្មោះ តែ ណុច អាយុ៣៧ឆ្នាំ និងទី៣៖ ឈ្មោះ តាំង ជិនហូង អាយុ៣០ឆ្នាំ។ លោកបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញ ដកហូតបាន ថ្នាំញៀន៤កញ្ចប់, ថ្នាំWY ចំនួន៧៥គ្រាប់, ទូរស័ព្ទដៃ១គ្រឿង, កាមេរ៉ាសុវត្ថិភាព មួយសម្រាប់, កាំភ្លើងបាញ់ហ្គាស១ដើម, កាំភ្លើងខ្យល់០១ដើម, កាំបិត០១ដើម និងឧបករណ៍ជក់១សម្រាប់។
បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕