(ព្រះសីហនុ)៖ ជនសង្ស័យចំនួន៥នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យ​កណ្តាល ព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល​ខេត្តព្រះសីហនុ ចាប់ឃាត់ខ្លួន ក្រោយ​បង្ករឿង​កាប់គ្នាយ៉ាង​ព្រៃផ្សៃ នៅចំណុច​វិមានឯករាជ្យ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បណ្តាលឲ្យមានជនរង​គ្រោះម្នាក់រងរបួស​កដៃទាំងសងខាង (ជិតដាច់) និងត្រូវក្បាល៣កាំបិត ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ មាស គឹមសាន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងចម្លាក់ មានទីលំនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៍ បានបន្តទៀតថា ដោយមានការស្រាវជ្រាវ​ស៊ើបអង្កេតយ៉ាង​ម៉ត់ចត់ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ កម្លាំងការិយាល័យ​កណ្តាលព្រហ្មទណ្ឌ​របស់លោក សហការជាមួយកម្លាំង​នគរបាលមូលដ្ឋាន បានចុះឃាត់ខ្លួនជនសង្ស័យ​បានចំនួន៥នាក់៖ ១. ឈ្មោះ កុយ ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងម៉ាស៊ីន​ត្រជាក់ មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ២. ឈ្មោះ អ៊ុង ដារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ៣. ឈ្មោះ លី ជាសាង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ៤. ឈ្មោះ គឹម វិសាល ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ៥. ឈ្មោះ ទេព វាសនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ​ហូលីដេរ មានទីលំនៅសង្កាត់១ ក្រុងព្រះសីហនុ។

បើតាមលោកស្នងការ បានបន្តថា វត្ថុតាងដែលដក​ហូតបាន រួមមាន ម៉ូតូ​ម៉ាកស៊ូស៊ុគី​និច ២គ្រឿង, ម៉ូតូម៉ាកស្កុបពី ១គ្រឿង, ម៉ូតូម៉ាកស៊ូស៊ុគីលែត ១គ្រឿង, ដាវ១ដើម។

ឆ្លងតាមការសួរចម្លើយជនសង្ស័យ​ទាំង៥នាក់ បានសារភាពថា ពួកគេមានជម្លោះ​ជាមួយភាគីខាងរងគ្រោះ តាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ មកម្ល៉េះ មូលហេតុ​ដោយសារ​ភាគីរងគ្រោះ បានកាប់​មិត្តភក្តិរបស់ពួក​គេមុន គឺឈ្មោះ លី ជាសាង នៅចំណុចបុរីគុជអាស៊ី ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ពេលនោះពួកគេមានគ្នា៩នាក់ បាននាំគ្នាដេញ​កាប់ទៅលើភាគី​ខាងរងគ្រោះ តែភាគីខាងរង​គ្រោះរត់គេចខ្លួនទាន់ ហើយពួកគេបានតែកាប់​ម៉ូតូរបស់ភាគីខាង​រងគ្រោះតែប៉ុណ្ណោះ។

រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ពួកគេបានឃើញ​ភាគីខាងរងគ្រោះ នៅវិមានឯករាជ្យ ជិះម៉ូតូ១គ្រឿង ម៉ាកស៊ូយស៊ូគីលែត មានគ្នា៣នាក់ ពេលនោះពួគេមាន​គ្នា៩នាក់ ដោយមានដាវ២ដើម ខណៈនោះជនសង្ស័យ​ឈ្មោះ កុយ និង ឈ្មោះ ឈិត ស្ទុះទៅកាប់ជន​រងគ្រោះតែម្តង។ តែកាប់បានតែម្នាក់​ដែលជិះពីក្រោយ ឈ្មោះ មាស គឹមសាន តែប៉ុណ្ណោះ ចំណែកឯអ្នកបើកម៉ូតូ និងអ្នកជិះកណ្តាល​រត់គេចខ្លួនទាន់។

ចំពោះជនសង្ស័យដែលនៅសេលសល់ កម្លាំងនគរបាលកំពុង​មានវិធានការតាមចាប់ខ្លួនបន្ត រីឯជនសង្ស័យទាំង៥នាក់ ខាងលើ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការ​តាមផ្លូវច្បាប់។


ជាមួយគ្នានេះ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបន្តបង្ក្រាប និងចាប់ខ្លួនជនគ្រឿងញៀនចំនួន៤នាក់ ព្រមទាំងដកហូតថ្នាំញៀន និងសម្ភារជាច្រើនផ្សេងទៀត។

ករណីទី១- រក្សាទុកនិងប្រើប្រាស់គ្រឿងញៀន កម្លាំងនគរបាលចាប់ខ្លួន២នាក់ នៅយប់ថ្ងៃទី១៧ ខែមករា ស្ថិតនៅភូមិ១​ សង្កាត់៤ ក្រុងព្រះសីហនុ ដោយជនសង្ស័យទី១ ឈ្មោះ វួន ធារិទ្វិ ភេទប្រុស អាយុ៣៣ឆ្នាំ និងជនសង្ស័យទី២ឈ្មោះ ឆេង សូរិយា ភេទប្រុស អាយុ២៥ឆ្នាំ។

ក្រោយការចាប់ខ្លូនកម្លាំងនគរបាល បានដកហូតបានវត្ថុតាង ម្សៅក្រាមពណ៌ស១កញ្ចប់ , ទូរស័ព្ទដៃ១គ្រឿង និងម៉ូតូ១គ្រឿង ។

ករណីទី២- ករណីជួញដូរចែកចាយគ្រឿងញៀន កម្លាំងនគរបាលចាប់ខ្លួនជនសង្ស័យម្នាក់ នៅយប់រំលងអាធ្រាត្រថ្ងៃទី១៨ ខែមករា ស្ថិត នៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ដោយជនសង្ស័យឈ្មោះ វិន ឆានឌី ភេទប្រុស អាយុ ៣៨ឆ្នាំ ។

កម្លាំងនគរបាលបានដកហូតបានវត្ថុតាងមាន ថ្នាំញៀនមេតំហ្វេតាមីន១ កញ្ចប់តូច ទម្ងន់០.២៧ក្រាម​, កញ្ឆាក្រៀម ១ថង់ ទម្ងន់ ៦៧៤ក្រាម​, ទូរស័ព្ទដៃ១គ្រឿង , ម៉ូតូសណ្តោងរឺម៉ក១គ្រឿង ។

ករណីទី៣- ករណីចែកចាយគ្រឿងញៀន កម្លាំងនគរបាលចាប់ខ្លួនម្នាក់ នៅក្រុមទី៤៥ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ដោយជនសង្ស័យម្នាក់ឈ្មោះ មៀច ចំរើន ភេទប្រុស អាយុ ៣៧ឆ្នាំ ។

ដកហូតបានវត្ថុតាងមានដូចជា ម្សៅក្រាមពណ៌សចំនួន ១៩កញ្ចប់តូច​, កញ្ឆាក្រៀម ១កញ្ចប់ , ទូរស័ព្ទដៃ២គ្រឿង ,ម៉ូតូ១គ្រឿង និងសម្ភារៈ​សម្រាប់ជក់គ្រឿង​ញៀនមួយចំនួន៕