(ព្រៃវែង)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា រួមជាមួយនឹងសាខាកាកបាទ​ក្រហមកម្ពុជា​ខេត្តព្រៃវែង​ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ​កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានទៅចែកជូនចាស់ជរាគ្មានទីពឹង ស្ត្រីមេមាយ កុមារកំព្រា ជនពិការ និងអ្នករស់នៅជា​មួយមេរោគអេដស៍ សរុបចំនួន ១,៨០៣គ្រួសារ មកពីឃុំចំនួន២២ ស្ថិតនៅក្នុងស្រុកព្រះស្តេច ស្រុកពាមរក៍ និងក្រុងព្រៃវែង ខេត្តព្រៃវែង នៅថ្ងៃទី១៧ និងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ។

ក្នុងឱកាសនោះដែរ លោកស្រី​អគ្គលេខាធិការ បាននាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន  ដែលជានិច្ចជាកាល សម្តេចតែង​តែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស និងបានពាំនាំនូវអនុសាសន៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជម្រាបជូនបងប្អូន​ប្រជាពលរដ្ឋ​ផងដែរ។

អនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានលើកឡើងរួមមានដូចជាថា៖

១. សូមពុកម៉ែបងប្អូន យកចិត្តទុកដាក់ប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ចរាចរណ៍គ្រប់ពេលវេលា ព្រោះគ្រោះថ្នាក់ចរាចរណ៍ នៅតែជាកត្តាព្រួយបារម្ភជាងគេបំផុតនៅកម្ពុជា ដែលភាគច្រើនកើតឡើងដោយកត្តាមនុស្ស បើកបរមិនគោរពគ្នា មិនចេះអធ្យាស្រ័យ មិនគោរពច្បាប់ចរាចរណ៍ ជែងគ្នា និងបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។ ត្រូវរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ។

២. សូមពុកម៉ែបងប្អូន ពិសេសក្មួយៗយុវជនកាកបាទក្រហម នៅតាមសាលារៀន ជួយអូសទាញមិត្តភក្តិ សិស្ស ឬយុវជនដែលដើរផ្លូវខុសឱ្យដើរផ្លូវត្រូវវិញ។ ត្រូវជៀសវាងដាច់ខាតនូវល្បែងស៊ីសង គ្រឿងញៀន អំពើពាលាអាវាសែ ដែលជាមូលហេតុនៃការកើតមានអំពើហិង្សាក្នុងគ្រួសារ ចោរកម្ម ឬសម្លាប់មនុស្សជាដើម។

៣. អ្នកផ្ទុកមេរោគអេដស៍ទាំងអស់ សូមអញ្ជើញទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ និងលេបថ្នាំពន្យាជីវិតឱ្យបានទៀងទាត់ ទៅតាមកាលកំណត់របស់គ្រូពេទ្យ ហើយបើយើងជាអ្នកផ្ទុកមេរោគអេដស៍​ សូមកុំចម្លងទៅអ្នកដទៃ។ ចំពោះអ្នកមានផ្ទៃពោះ ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីកុំឲ្យឆ្លងមេរោគពីម្ដាយទៅកូន​  និងត្រូវ​សម្រាលកូននៅមណ្ឌលសុខភាព​ ហើយស្ត្រីមានផ្ទៃពោះ​ ត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ និងត្រូវទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិត។

៤. សូមលោកយាយលោកតា បងប្អូនក្នុងគ្រួសារនីមួយៗ ត្រូវប្រកាន់ខ្ជាប់នូវពាក្យស្លោក «ចេះការពារប្រសើរជាងព្យាបាល» ដោយមានអនាម័យ​ល្អក្នុងការរស់​នៅពិសារ​ទឹកឆ្អិន ដើម្បីកាត់បន្ថយអត្រាឈឺក្នុងផ្ទះ ព្រោះថាបើមានជំងឺហើយ គឺសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះ​ និងសូមលោកយាយលោកតា ពុកម៉ែបងប្អូនទាំង​អស់សូមចូលរួម​អនុវត្តភូមិឃុំមានសុវត្ថិភាព។

អំណោយដែលត្រូវចែកជូនក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង​ សារុង១ មុង១ ភួយ១ និងក្រមា១។

បន្ទាប់ពីបញ្ចប់ពិធីចែកអំណោយរួចមក ក្រុមការងារ បានបន្តដំណើរចុះសួរសុខទុក្ខតាមផ្ទះ ចាស់ជរាគ្មានទីពឹង ដែលមិនអាចទៅ ទទួលអំណោយបានចំនួន ១៣គ្រួសារ ដែលគ្រួសារនីមួយៗទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង សារុង១ មុង១ ភួយ១ ក្រមា១ អំពូលប្រើដោយថាមពលព្រះអាទិត្យ(Solar) ១គ្រឿង និងថវិកាមួយចំនួន។

នៅថ្ងៃដដែលនោះ លោកស្រី​អគ្គលេខាធិការ បានប្រគល់ឧបករណ៍បន្សុទ្ធទឹក និងសម្លាប់មេរោគក្នុងទឹក ដែលឧបករណ៍នេះ មានការបន្សុទ្ធ និងសម្លាប់មេរោគ ៧ដំណាក់កាល ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដើម្បីឲ្យសាខាប្រើប្រាស់ ក្នុងពេលមានគ្រោះមន្តរាយនានា ជាពិសេសគ្រោះមហន្តរាយទឹកជំនន់ ដែលឧបករណ៍នេះ​ កាកបាទក្រហមកម្ពុជា ទទួលបានការជួយឧបត្ថម្ភពីសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម៕