(សៀមរាប)៖ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងក្រុមការងារ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយពីបញ្ចប់កិច្ចប្រជុំ នៅប្រទេសចិន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ម្សិលមិញនេះ ដោយលទ្ធផលនៃកិច្ចប្រជុំទទួលបានផ្លែផ្កាល្អច្រើន គួរឲ្យកត់សំគាល់។
លោក ឃឹម ប៊ុនសុង ដែលបានដឹកនាំប្រតិភូ ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន បានជួបពិភាក្សាការងារជាមួយ លោក វ៉ាន់ ហ្យិងហ្វា ( Ruan Chengfa ) អភិបាលស្តីទីខេត្តយូណាន់ ដើម្បីរឹតចំណងមេត្រីភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងខេត្តយូណាន់ និងខេត្តសៀមរាប ដែលមានតាំងពីឆ្នាំ ២០០៦ មកម្លេះ ។
នៅក្នុងដំំណើរទស្សនកិច្ចខាងលើនេះ លោក ឃឹម ប៊ុនសុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និង ប្រជាជនចិន ដែលជានិច្ចកាលតែងតែគាំទ្រជាបន្តបន្ទាប់ ព្រមទាំងផ្តល់ជំនួយនានាដល់ប្រជាជន និង រាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន ។ ផ្តើមចេញពីផ្លែផ្កា នៃសម្ព័ន្ធមេត្រីភាពរវាងកម្ពុជា-ចិន បានជំរុញឲ្យក្រុមហ៊ុនចិននានា មកវិនិយោគជាបន្តបន្ទាប់ ជាពិសេស យូណាន់ អ៊ីនវេសមិន គ្រុប ( Yunan Investment Group) ដែលនឹងមកស្ថាបនា ព្រលានយន្តហោះ អន្តរជាតិ សៀមរាបថ្មី ជាពេលដ៏ឆាប់ខាងមុខ ។
អភិបាលខេត្តសៀមរាប បានស្នើសុំបន្ថែមឲ្យមានការបណ្តុះបណ្តាលធនធានមនុស្ស និងជួយជំរុញវិនិយោគិន មកវិនិយោគលើការ ពង្រីកតំបន់ទេសចរណ៍នៅខេត្តសៀមរាប ឲ្យកាន់តែច្រើនថែមទៀត ដើម្បីឲ្យអ្នកទេសចរស្នាក់នៅសៀមរាប មានរយៈពេលយូរ ព្រមទាំងបានស្នើសុំឲ្យចិនជួយអភិវឌ្ឍផ្លូវមួយខ្សែ ដែលដាក់ឈ្មោះថាផ្លូវមិត្តភាពសៀមរាប យូណាន់ ដើម្បីបញ្ជាក់ពីចំណងមេត្រីភាព យ៉ាងរឹងមាំថែមមួយកម្រិតទៀត។ ទន្ទឹមនឹងនោះ លោក ឃឹម ប៊ុនសុង ក៏បានអញ្ជើញ អភិបាលស្តីទីខេត្តយូណាន់ ដឹកនាំប្រតិភូមកទស្សនកិច្ច នៅខេត្តសៀមរាបផងដែរ ។
ឆ្លើយតបទៅនឹងសំណូមពររបស់ លោក ឃឹម ប៊ុនសុង ភាគីចិនបានឯកភាពទាំងស្រុងចំពោះការស្នើសុំនេះ ជាពិសេស លោកសន្យាថា នឹងដឹកនាំ ប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅខេត្តសៀមរាប នាពេលឆាប់ៗខាងមុខនេះ។
បន្ទាប់ពីជំនួបពិភាក្សាការងារជាមួយអភិបាលស្តីទី ខេត្តយូណាន់រួចមក អភិបាលខេត្តសៀមរាប ក៏បានដឹកនាំប្រតិភូទៅជួប ពិភាក្សាការងារបន្តជាមួយក្រុមហ៊ុន យូណាន់ អ៊ីនវេសមិន គ្រុប ( Yunan Investment Group) អំពីការស្ថាបនាព្រលានយន្តហោះ អន្តរជាតិ សៀមរាបថ្មី និងស្នើសុំឲ្យមានការបណ្តាក់ទុនបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធ សំណង់ជាទីក្រុងរណប ដើម្បីបំពេញតម្រូវការ និងទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឲ្យមកទស្សនាខេត្តសៀមរាប មានការកើនឡើងបន្ថែមកម្រិតមួយទៀត ។
ក្រោយពីជំនួបនោះ លោក ឃឹម ប៊ុនសុង បានដឹកនាំប្រតិភូទៅទស្សនកិច្ច នៅតំបន់ទេសចរណ៍ ក្នុងក្រុងស៊ីសាបាណា នៃខេត្តយូណាន់ និងបន្តដំណើរទស្សនកិច្ចទៅក្រុងសាមិន ខេត្តហ្វូជៀន ដើម្បីជួបពិភាក្សាជាមួយប្រធានសភាប្រជាជនចិន ក្រុងសាមិន ក្នុងគោលបំណងបង្កើតបំណងមេត្រីភាពក្រុងសាមិន ជាមួយខេត្តសៀមរាបទៀតផង៕