(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចរក្សាទុកឈ្មោះទាំង៣៧៨នាក់នោះ ក្នុងបញ្ជីបោះឆ្នោតដំបូងឲ្យនៅដដែល។ ក្រុមប្រឹក្សាជំនុំជម្រះគ.ជ.ប បានបើកផ្លូវឲ្យគ្រប់ភាគី ដែលមិនពេញចិត្តនឹងសេចក្តីសម្រេចនេះ ប្តឹងជំទាស់ទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេល៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលសម្រង់សេចក្តីសម្រេចក្រុមប្រឹក្សាជំនុំជម្រះគ.ជ.ប។ នេះបើតាមសេចក្តីប្រកាសរបស់គ.ជ.ប នៅថ្ងៃទី១៨ ខែមករានេះ។
ការប្រកាសសម្រេចរបស់ ក្រុមប្រឹក្សាជំនុំជម្រះគ.ជ.ប បានធ្វើឡើងក្រោយពី គ.ជ.ប បានបើកសវនាការសាធារណៈ លើពាក្យបណ្តឹងចំនួន១៦ ដែលប្រជាពលរដ្ឋប្តឹងឱ្យលុបឈ្មោះពលរដ្ឋ៣៧៨នាក់ ក្នុងនោះរួមមានបណ្តឹងលេខ០៥៤ ០៥៥ ០៥៦ ០៥៦ ០៥៨ ០៥៩ ០៦០ ០៦១ ០៦២ ០៦៣ ០៦៤ ០៦៥ ០៦៦ ០៦៧ ០៦៨ និង០៦៩ នៅសាលសន្និសីទគ.ជ.ប នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧។ សវនការនេះធ្វើឡើង ក្រោមការដឹកនាំដោយ លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះគ.ជ.ប អនុប្រធានគ.ជ.ប និងសមាជិក សមាជិកាគ.ជ.បជាច្រើនរូបទៀត។
គួរបញ្ជាក់ថា ពាក្យបណ្តឹងទាំង១៦បណ្តឹង គឺសុទ្ធតែជាបណ្តឹងជំទាស់ សុំលុបឈ្មោះប្រជាពលរដ្ឋចំនួន៣៧៨នាក់ ចេញពីបញ្ជីបោះឆ្នោតដំបូង។ បណ្តឹងទាំងនោះ រួមមានមកពីរាជធានី ១១បណ្តឹង ខេត្តត្បូងឃ្មុំ២បណ្តឹង ខេត្តកំពង់ស្ពឺ១បណ្តឹង ខេត្តប៉ៃលិន១បណ្តឹង និងខេត្តកណ្តាល១បណ្តឹង៕