(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១២-២០១៧ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០១៧-២០២២ របស់គណៈកម្មាធិការគណបក្សសង្កាត់រលាប ដើម្បីត្រួតពិនិត្យការងារ និងពង្រឹងការងារ នៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋ។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំស្នាក់ការបក្សធំអូរចំបក់ ស្ថិតក្នុងភូមិអូរចំបក់ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក ម៉ក់ រ៉ា អនុប្រធានប្រចាំការ និងជាប្រធានគណៈប្រចាំការ គណៈអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធាន អនុប្រធានគណបក្សសង្កាត់ក្រុង ថ្នាក់ដឹកនាំយុវជនតាមមន្ទីរអង្គភាព សមាជិក សមាជិកា គណបក្សភូមិជាង១,០០០នាក់។
កិច្ចប្រជុំនាថ្ងៃនេះ មានគោលបំណងចម្បង៣រួមមាន ទី១៖ឆ្លង និងអនុម័តសេចក្ដីព្រាងខ្លឹមសាររបាយការណ៍បូកសរុប វាយតម្លៃលទ្ធផល នៃការអនុវត្តកម្មវិធីនយោបាយ របស់គណបក្សសង្កាត់ ដើម្បីអភិវឌ្ឍន៍សង្កាត់ក្នុងរយៈពេល៥ឆ្នាំ២០១២-២០១៧, ទី២៖ឆ្លង និងអនុម័តសេចក្ដីព្រាងកម្មវិធីនយោបាយ របស់គណៈកម្មាធិការនៃគណបក្សសង្កាត់ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧-២០២២ និងទី៣៖ធ្វើការបោះឆ្នោតស្ទៀបស្ទងមតិ ដើម្បីជ្រើសរើសសមាសភាពបេក្ខជនក្រុមប្រឹក្សាសង្កាត់ ត្រៀមប្រកួតប្រជែងក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៤ ក្នុងនោះបេក្ខជនឈរឈ្មោះមានចំនួន ២៧នាក់ ដោយជ្រើសរើសតែ៩នាក់ប៉ុណ្ណោះ។
គួរបញ្ជាក់ថានេះ ជាលើកទី៧ហើយ ដែលគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១២-២០១៧ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០១៧-២០២២ លើសង្កាត់ចំនួន៧ នៃក្រុងពោធិ៍សាត់៕