(សិង្ហបុរី)៖ ឆ្លៀតពេលនាឱកាសអញ្ជើញចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៧ នៅប្រទេសសិង្ហបុរី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោកស្រី YANG XIUPING អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ចិន ដោយផ្តោតសំខាន់លើកិច្ច សហប្រតិបត្តិការទេសចរណ៍ រវាងមជ្ឈមណ្ឌលអាស៊ាន-ចិន និងប្រទេសសមាជិកអាស៊ាន ពិសេសជាមួយក្រសួងទេសចរណ៍កម្ពុជា ក្នុងនោះរួមមាន៖
* ការរៀបចំសិក្ខាសាលារួមគ្នាផ្តោតលើទីផ្សារទេសចរចិន
* ការចូលរួមនិងគាំទ្រអភិវឌ្ឍន៍ China Ready Centerនៅកម្ពុជា
* ការគាំទ្រនិងជំំរញ ការវិនិយោគ អភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗបន្ថែម (Tourism Product Development) នៅកម្ពុជា ដើម្បីឆ្លើយតបនឹងទីផ្សារ ទេសចរណ៍ចិន និងនិន្នាការៃនការងើបឡើងប្រភេទទេសចថ្មីដូចជាទេសចរដែលមានជីវភាពកំរិតកណ្តាល(Middle Class Tourist), ទេសចរដើរម្នាក់ឯង (Solo Travellers), ទេសចរយុវជន (Youth Tourism) ទេសចរវ័យចំណាស់ (Senior Tourism)។ល។
* ការធានាគុណភាពសេវាទេសចរណ៍ តាមរយៈអនុវត្តន៍ Chinese Accreditation System ការជួយពង្រឹងសមត្ថភាពក្នុងវិស័យទេសចរណ៍
* ការផ្សព្វផ្សាយ (តាមរយការផលិតផលឯកសារផ្សព្វផ្សាយទេសចរណ៍ពិសេសមួយរបស់កម្ពុជាសម្រាប់ទីផ្សារចិន)។ជាលទ្ធផល លោកជំទាវអគ្គលេខាធិការគាំទ្រ ហើយសន្យាពិនិត្យនិងជម្រុញបន្ថែម ដោយបញ្ចូលក្នុងផែនការកម្មវិធីការងារប្រចាំឆ្នាំរបស់មជ្ឈមណ្ឌលអាស៊ាន-ចិន។
ក្រសួងទេសចរណ៍នឹងចាត់តាំងក្រុមការងារពិសេសមួយ ដើម្បីធ្វើការជាមួយមជ្ឈមណ្ឌលអាស៊ាន-ចិន ដើម្បីធ្វើអនុវត្តផែនការសកម្មភាពការងារដែលបានដាក់ចេញ។
គួរបញ្ជាក់ថា ទេសចរចិនតែងចាត់ទុកកម្ពុជាជាគោលដៅទេសចរណ៍ដ៏ល្អទាក់ទាញមួយក្នុងតំបន់។ ឆ្នាំ២០១៦ កម្ពុជាទទួលទេសចរចិនប្រមាណ ៩០០,០០០នាក់ កើន២០% ហើយនៅឆ្នាំ២០២០ កម្ពុជាអាចនឹងទទួលបានទេសចរចិនប្រមាណ២លាននាក់៕