(ព្រះសីហនុ)៖ បុរសជាប្អូនជនរងគ្រោះម្នាក់ ព្យាយាមខំដង្ហើយហៅរកយុត្តិធម៌ ក្រោយតុលាការខេត្តព្រះសីហនុ សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន អស់ពេលជាយូរខែ ដោយចោទថា ខ្លួនបានសម្លាប់បុរសម្នាក់ ដែលបានចាក់សម្លាប់បងប្រុសខ្លួនឯង ហើយមិនដឹងរត់ទៅណានោះទេ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បុរសដែលកំពុងស្ថិតក្នុងពន្ធនាគារខាងលើ មានឈ្មោះ សែម ចិត្ត អាយុ៣៧ឆ្នាំ មានទីលំនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ ពីបទមនុស្សឃាត។
បុរសឈ្មោះ សែម ចិត្ត បានអះអាងបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ ខ្លួនបានបាត់បងប្រុសពីផ្ទះមានទីតាំងស្ថិតនៅ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខ្លួនក៏ចេញទៅដើររក ស្រាប់តែឃើញបងប្រុសរបស់ខ្លួន ដេកផ្ងាពោះចេញពោះវៀនមកក្រៅ រងរបួសធ្ងន់ធ្ងរ ថែមទាំងនៅជាមួយជនល្មើសឈ្មោះ ម៉ាច ពេលនោះខ្លួនក៏បានចាប់ចងបុរសឈ្មោះ ម៉ាច ហើយបានស្រែកហៅឲ្យអ្នកជិតខាងជួយនៅចាំជនឈ្មោះ ម៉ាច នោះទុកប្រគល់ឲ្យកម្លាំងសមត្ថកិច្ច និងប្រញាប់ប្រញាល់នាំបងប្រុសរបស់ខ្លួន ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យចំការរំចេក។
បុរសឈ្មោះ សែម ចិត្ត បានបន្តថា ក្នុងពេលខ្លួនអង្គុយចាំនៅក្រៅបន្ទប់សង្គ្រោះ ស្រាប់តែមានកម្លាំងសមត្ថកិច្ចនាំខ្លួនទៅឆ្លើយបំភ្លឺ នៅកន្លែងកើតហេតុ។ តែពេលទៅដល់ខ្លួនបែរជាមិនឃើញជនល្មើស និងអ្នកជិតខាង ដែលថាខ្លួនបានស្រែកហៅឲ្យជួយចាំជនល្មើសនោះទេ។
បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏នាំខ្លួនឈ្មោះ សែម ចិត្ត សួរនាំតាមដំណើររឿង តែក្រោយពេលបំភ្លឺរួច សមត្ថកិច្ចថាសុំឃុំខ្លួន១យប់សិន។
ដល់ព្រឹកឡើង ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ស្រាប់តែប្រពន្ធរបស់ឈ្មោះ ម៉ាច បានមកដាក់ពាក្យបណ្ដឹងប្ដឹងថា បុរសឈ្មោះ សែម ចិត្ត បានចាប់ចងប្ដីរបស់ខ្លួន ហើយមិនដឹងថា ប្តីទៅណា ស្លាប់ឬរស់ទេ ពេលនោះសមត្ថកិច្ចក៏បន្តឃុំខ្លួនឈ្មោះ សែម ចិត្ត ១យប់ទៀត។
នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចក៏បញ្ជូនខ្លួនបុរសឈ្មោះ សែម ចិត្ត ទៅតុលាការដើម្បីដោះស្រាយក្ដី និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្ត រហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះ តែម្ដង។
យ៉ាងណាម៉ិញ បុរសឈ្មោះ សែម ចិត្ត នៅតែអះអាងថា ខ្លួនមិនមែនជាឃាតកសម្លាប់ ជនល្មើស ដែលបានស្លាប់បងប្រុសខ្លួនឯងឡើយ ហើយតុលាការមិនចេញដីកាបញ្ជាឲ្យតាមចាប់ជនល្មើសបែរជាមកចាប់ខ្លួនទៅវិញ ដែលជនរងគ្រោះ។ ដោយជួបនូវរឿងអយុត្តិធម៌បែបនេះ បុរសឈ្មោះ សែម ចិត្ត បានទទូចស្នើសុំការស៊ើបអង្កេតឡើងវិញពីតុលាការ ដើម្បីវែកញែករកខុសត្រូវ ពាក់ព័ន្ធនឹងករណីឃាតកម្មខាងលើ ឲ្យបានច្បាស់លាស់៕
ខាងក្រោមនេះ ជាលិខិតអះអាងបញ្ជាក់ពីភាពស្អាតស្អំរបស់បុរសឈ្មោះ សែម ចិត្ត៖