Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្ដ្រីស្ដីទី​ ចេញប្រកាសបណ្ដេញមន្ដ្រីនគរបាលជួញដូរគ្រឿងញៀន នៅខេត្តកំពត ចេញពីក្របខ័ណ្ឌ

18-01-2017 17:10

(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីស្ដីទី សម្ដេចក្រឡាហោម ស ខេង  រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចេញប្រកាស​បណ្ដេញមន្ដ្រីនគរបាលម្នាក់​នៅខេត្តកំពត ដែលចែកចាយគ្រឿងញៀន ចេញពីក្របខ័ណ្ឌ។ នេះបើតាមសេចក្ដីប្រកាស របស់នាយករដ្ឋមន្ដ្រីស្ដីពី ដែលអង្គភាព Fresh News ទទួលបាននៅមុននេះបន្ដិច នាល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧។

ក្នុងសេចក្ដីប្រកាស បញ្ជាក់ថា «ព្រិន្ទបាលទោ ស៊ា សុខបញ្ញា អត្តលេខ៧៦៣៦០ មន្ដ្រីនៃស្នងការដ្ឋាននគរបាលខេត្តកំពត ដោយរូបភាពដកហូតឋានន្ដរស័ក្ដិ និងបណ្ដេញចេញផុតពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ។ មូលហេតុ ជាប់ពាក់ព័ន្ធក្នុងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់»

ជាមួយគ្នានោះដែរ លោក ម៉ៅ ច័ន្ទមធុរិទ្ធ បញ្ជាក់ និងផ្ដាំផ្ញើដល់មន្ដ្រីនគរបាល នៃស្នងការដ្ឋានគរបាលខេត្តកំពតថា «នេះជាមន្ត្រីទី១ នៃស្នងការដ្ផាននគរបាល​ខេត្តកំពត ដែលត្រូវបានលុបឈ្មោះ ចេញពីក្របខ័ណ្ឌនគរបាលជាតិ នៃស្នងការដ្ផាននគរបាលខេត្តកំពត ពាក់ព័ន្ធប្រើប្រាស់​គ្រឿងញៀន ដែលនេះគឺជា​សារជូនដល់ប្អូនៗ ដែលទើបប្រលងជាប់ក្របខ័ណ្ឌថ្មី នៃស្នងការដ្ផាននគរបាលខេត្តកំពត ក្នុងករណីរកឃើញថា បេក្ខជននឹង​បេក្ខនារីណាដែល​ប្រើប្រាស់គ្រឿងញៀន នៅពេលណាមួយនោះ លទ្ធផល និងទទួលបានដូចបុគ្គលខាងនេះ សូមប្អូនៗជៀសឲ្យឆ្ងាយពីគ្រឿងញៀន កសាងខ្លួនឲ្យល្អ សម្រាប់ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល»

សូមបញ្ជាក់ថា កម្លាំងអន្ដរាគមន៍ពិសេស សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ក្រោយការណែនាំ និងបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុរិទ្ធ ស្នងការនគរបាលខេត្ត បានចាប់ខ្លួនមន្ដ្រីនគរបាលខេត្តកំពតម្នាក់ ដែលធ្វើសកម្មភាពចែកចាយគ្រឿងញៀន, លោកស្នងការ ប្រកាសកាត់ឈ្មោះចេញពីក្របខ័ណ្ឌ ហើយនឹងចាត់វិធានការតាមផ្លូវច្បាប់។ ប្រតិបត្តិការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ នៅចំណុចភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច៕