(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះ ចុះត្រួតពិនិត្យការដ្ឋានសំណង់មួយកន្លែង រកឃើញជនបរទេស២០នាក់ គ្មានលិខិតឆ្លងដែន ក្នុងនោះជនជាតិចិន៣នាក់ និងជនជាតិវៀតណាម១៧នាក់។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី ដែលបានដឹកនាំការងារនេះផ្ទាល់បញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញសហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យគោលដៅ ការដ្ឋានសំណង់ចិន «ស្កាយ ទ្រី ខុនដូរ» ផ្លូវលេខ១០៦ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
លោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន បានឲ្យដឹងថា ជាលទ្ធផលនៃប្រតិបត្តិការ កម្លាំងជំនាញរកឃើញជនបរទេស២០នាក់ ក្នុងជនជាតិចិន៣នាក់ និងជនជាតិវៀតណាម១៧នាក់ ដែលគ្មានលិខិតឆ្លងដែន។
លោកប្រធានបន្ថែមថា ក្រោយឃាត់ខ្លួនជនបរទេសទាំងនេះ ត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ ចាត់ការបន្ដនីតិវិធី ប៉ុន្ដែ ក្នុងនោះជំនាញ ដកយកលិខិតឆ្លងដែនចិនតៃវ៉ាន់ ចំនួន២ក្បាល ប្រគល់ទៅមន្រ្តីន៤ ដើម្បីធ្វើការផាកពិន័យតាមច្បាប់៕