(ភ្នំពេញ)៖ បន្ទាប់ពីបោះជំហានក្លាយជា តារាចម្រៀងប្រមាណ៧ឆ្នាំ ហើយទទួលបានជោគជ័យយ៉ាងខ្លាំង ទាំងឱកាសចេញច្រៀងនៅក្រៅប្រទេស និងការវិវត្តន៍ខ្លួនក្លាយជាតារាចម្រៀង ប្រចាំនៅក្នុងផលិតកម្មមួយច្បាស់លាស់ ដោយមិនស្ថិតក្នុងភាពតែលតោល តារាចម្រៀងលោក ដួង ផាន់ណា បានសម្រេចចិត្តចេញបទ «Original Song» ដើម្បីវាយលុកទីផ្សារចម្រៀង ទាញយកប្រជាប្រិយភាពបន្ថែមទៀត នៅដើមឆ្នាំ២០១៧នេះ។ បើទោះជាផលិតកម្ម ដែលលោកជ្រកកោណត្រូវគេដឹងថា មិនសូវល្បី តែបទចម្រៀងថ្មីៗរបស់លោក បានក្លាយជាបទមានការគាំទ្រ គ្រប់ពេលចេញបង្ហោះ ជាពិសេសបទ «បើឈឺយ៉ាងនេះ បងសុខចិត្តដើរចេញ» ដែលជាបទ Original Song ទើបនឹងចេញក្ដៅៗ។
តារាដែលមានប្រវត្តិតស៊ូក្រាញននាល ក្នុងការងារសិល្បៈរូបនេះបន្តថា បទ Original របស់លោកទទួលបានការពេញនិយមច្រើនឡើងៗ ធ្វើឲ្យលោកមើលឃើញពីមោទនភាព ហើយលោក ក៏នឹងបន្តផលិតបទថ្មីៗប្រភេទនេះ ក្នុងន័យមានបទមិនចម្លងឡើងឆាក និងសម្រាប់ច្រៀងក្នុងលក្លឹប ដែលលោកបកស្រាយចម្រៀងរាល់យប់នោះ ដើម្បីពង្រីកសក្កានុពលវិស័យចម្រៀង របស់ខ្លួន។
លោក ដួង ផាន់ណា និយាយថា នៅក្នុងផលិតកម្ម «I-Record» មានបទដែលលោកបកស្រាយផ្ទុះ ច្រើនគួរសមដូចជាបទ «គេក្រុងយើងស្រែ» បទ «ស្នេហ៍តែម្ខាង» និងបទ «គ្មានដុល្លារស្ដីអូន» ជាដើម។ ប៉ុន្តែលោកនៅតែចាត់ទុកថា សន្ទុះគាំទ្រចំពោះបទ «បើឈឺយ៉ាងនេះ បងសុខចិត្តដើរចេញ» ធ្វើឲ្យលោកសប្បាយចិត្តច្រើនជាង ដោយសារតែនោះជាបទនិពន្ធថ្មី ហើយជាបទភ្លេចនិពន្ធថ្មី មិនចម្លងគេ ដែលបង្ហាញពីអត្តសញ្ញាណស្នាដៃរបស់លោក។
តារាចម្រៀង ផាន់ណា បានអះអាងថានេះ ជាបទមួយថ្មី ដែលលោកបានបញ្ចេញ MV ផ្លូវការកាលពី២ថ្ងៃមុន បន្ទាប់ពីបានចំណាយទុនពាក់កណ្ដាលម្នាក់ ជាមួយម្ចាស់ផលិតកម្ម I-Record ដែលលោកជ្រកកោណ ផលិតឲ្យមានគុណភាព។ ផលិតកម្មមិនតម្រូវឲ្យលោកចំណាយលុយនោះទេ ប៉ុន្តែបណ្ដាលមកពីលោកចង់បានសាច់រឿងល្អ ហើយចង់ឲ្យបទចម្រៀង ដែលលោកបកស្រាយមានគុណភាពគ្រប់គ្រាន់ ទើបលោកសម្រេចចិត្តចំណាយទុនផ្ទាល់ខ្លួន ក្នុងការផលិតបទចម្រៀង។ បទល្អលុះត្រាតែមានសាច់រឿងល្អ ទើបលោកយល់ថា ការចំណាយថវិកាពាក់កណ្ដាល ជាមួយផលិតកម្មដើម្បីផលិតឡើង នូវបទដែលលោកពេញចិត្ត មិនមែនជារឿងអាក្រក់មើល។
សូមទស្សនាបទ «បើឈឺយ៉ាងនេះ បងសុខចិត្តដើរចេញ» ដែលជាបទ Original Song នេះទាំងអស់គ្នា៖