(ព្រៃវែង)៖ ស្ថិតនៅក្រោមគម្រោង នៃការចងចាំសាលាក្តីខ្មែរក្រហម បានបន្តសកម្មភាពរបស់ខ្លួន ក្នុងការផ្សព្វផ្សាយអំពីដំណើរការជំនុំជម្រះក្តី លើអតីតមេដឹកនាំមេដឹកនាំខ្មែរក្រហម ជូនដល់សាធារណៈជន។ ជាក់ស្ដែង នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះ មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ត្រា បានធ្វើបាឋកថាជូនដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូចំនួនជាង ១,០០០នាក់ នៅវិទ្យាល័យព្រះអង្គឌួង និងវិទ្យាល័យចម្រើនវិជ្ជា ទីរួមខេត្តព្រៃវែង។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការសិក្សា និងស្វែងយល់ពីការជំនុំជម្រះក្តី លើអតីតមេដឹកនាំខ្មែរក្រហម ពិតជាមានសារៈសំខាន់សម្រាប់យុវជនជំនាន់ក្រោយ ដែលកើតមិនទាន់របបខ្មែរក្រហម និងជនរងគ្រោះក្នុងរបបខ្មែរក្រហម ហើយការជំនុំជម្រះក្តីនេះ ជួយដល់ជនរងគ្រោះកម្ពុជា ក្នុងការផ្សះផ្សាផ្លូវចិត្ត និងផ្សះផ្សាជាតិ ព្រមទាំងពង្រឹងនីតិរដ្ឋ និងសន្តិភាព នៅកម្ពុជាផងដែរ។
ក្នុងរយៈពេលជិត២ម៉ោង លោក នេត្រ ភក្ត្រា បានជម្រាបជូនដល់សិស្សានុសិស្ស អំពីប្រវត្តិនៃការបង្កើតសាលាក្តីខ្មែរក្រហម ដើម្បីជំនុំជម្រះក្តីលើឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តឡើង ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ដោយអំឡុងពេលនេះ ប្រជាពលរដ្ឋចន្លោះ១.៧ ទៅ២.២លាននាក់ ត្រូវបានគេជឿថាបានស្លាប់បាត់បង់ជីវិត ដោយសារតែការធ្វើទារុណកម្ម សម្លាប់ ការអត់អាហារ ការគ្មានថ្នាំសង្កូវព្យាយាម និងដោយអំពើ អមនុស្សធម៌ផ្សេងៗទៀត។
មន្ត្រីនាំពាក្យដដែល បានបញ្ជាក់ថា សាលាក្តីខ្មែរក្រហមដែលបង្កើតឡើងនេះ មិនធ្វើការជំនុំជម្រះក្តីលើអតីតខ្មែរក្រហមទាំងអស់នោះទេ គឺជំនុំជម្រះក្តីតែទៅលើជន២ជំពូកតែប៉ុណ្ណោះ គឺទី១៖អតីតមេដឹកនាំជាន់ខ្ពស់ នៃរបបកម្ពុជាប្រជាធិបតេយ្យ និងទី២៖អ្នកទទួលខុសត្រូវខ្ពស់ ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត។
ចាប់តាំងពីឆ្នាំ២០០៦ រហូតមកទល់ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ បានដំណើរការរយៈពេលជាង ១០ឆ្នាំមកហើយ និងបានសម្រេចបាននូវកិច្ចការជាច្រើន ក្នុងដំណើរស្វែងរកការពិត និងយុត្តិធម៌។ សាលាក្តីខ្មែរក្រហម បានបិទបញ្ចប់ នូវការជំនុំជម្រះក្តី លើអតីតប្រធានគុកទួលស្លែង កាំង ហ្គេកអ៊ាវ ហៅឌុច ក្នុងសំណុំរឿង០០១ ដោយសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ បច្ចុប្បន្ន ឌុច កំពុងអនុវត្តទោសរបស់ខ្លួន នៅមន្ទីរឃុំឃាំងខេត្តកណ្តាល។ រីឯសំណុំរឿង០០២/០១ ប្រឆាំងនឹង នួន ជា និងខៀវ សំផន ក៏ត្រូវបានបិទបញ្ចប់ជាមួយការប្រកាសសាលដីកា របស់អង្គជំនុំជម្រះតុលាការកំពូល នៃសាលាក្តីខ្មែរក្រហម តម្កល់សាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូង ដាក់ពន្ធនាគារអស់មួយជីវិត លើអង្គហេតុឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ពាក់ព័ន្ធការជម្លៀសប្រជាជនដោយបង្ខំ។
លោក នេត្រ ភក្ត្រា បន្ថែមថា បច្ចុប្បន្នអង្គជំនុំជម្រះសាលាដំបូង បានបញ្ចប់សវនាសាកសរសួរដេញដោល លើអង្គហេតុក្នុងសំណុំរឿង ០០២/០២ ប្រឆាំង នួន ជា និងខៀវ សំផន ហើយអង្គជំនុំជម្រះសាលាដំបូង នឹងបើកសវនាការធ្វើសេចក្តីសន្និដ្ឋានលើសំណុំរឿង ០០២/០២ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧។ ការប្រកាសសាលក្រមលើសំណុំរឿងនេះ នឹងត្រូវប្រកាសសាលក្រមនៅក្នុងពេលវេលាសមស្រប ក្រោយពីបញ្ចប់ការធ្វើសេចក្តីសន្និដ្ឋាន។
ក្រោយពីបានបញ្ចប់ការធ្វើបទបង្ហាញ មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម ក៏បានអនុញ្ញាតឲ្យមានការសួរឆ្លើយជុំវិញ ដំណើរការតុលាការខ្មែរក្រហម។ ដោយក្នុងនោះ សិស្សានុសិស្សបានចូលរួមយ៉ាងផុសផុល និងក៏មានការចែកជូនសៀវភៅណែនាំ អំពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ ជូនដល់សិស្សានុសិស្សដែរ។
សូមបញ្ជាកថា នៅថ្ងៃទី១៩ ខែមករាស្អែកនេះ សិស្សានុសិស្ស៣៥០នាក់ នឹងធ្វើទស្សនកិច្ចសិក្សានៅសាលាក្តីខ្មែរក្រហម សារៈមន្ទីរប្រល័យពូជសាសន៍ គុកទួលស្លែង និងបឹងជើងឯក ដោយលោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ផ្នែកកិច្ចការសាធារណៈ នៃសាលាក្តីខ្មែរក្រហម នឹងបន្តសកម្មភាពផ្សព្វផ្សាយរបស់ខ្លួន ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីការចងចាំ និងការចូលរួមរបស់សាធារណជន ក្នុងការជំនុំជម្រះក្តីលើអតីតមេដឹកនាំខ្មែរក្រហម ព្រោះការជំនុំជម្រះក្តីនេះជារបស់អ្នកទាំងអស់គ្នា៕