Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្តដឹកទំនិញតទ្រុងច្នៃខុសលក្ខណៈបច្ចេកទេសរបស់ឧត្តមសេនីយ៍ម្នាក់ នៅតែបើកចេញដោយសេរី មិនទាន់ឃើញចំណាត់ការរបស់គណៈកម្មការត្រួតពិនិត្យយានយន្ត (Video inside)

18-01-2017 16:18

(ភ្នំពេញ)៖ រថយន្តដឹកទំនិញធុនធំ ដែលតទ្រង់ខុសលក្ខណៈបច្ចេកទេសសុទ្ធសាធ មានស្លាកសញ្ញាអក្សរ «M» ដែលគេស្គាល់និងដឹងយ៉ាងច្បាស់ថា ជាកម្មសិទ្ធិរបស់ ឧត្តមសេនីយ៍យោធាផ្កាយ ៣ម្នាក់ បាននឹងកំពុងបើកចេញចូលក្រុង យ៉ាងងាយស្រួលដោយ មិនទាន់ឃើញគណៈកម្មការត្រួតពិនិត្យ បច្ចេកទេសយានយន្ត ចុះពិនិត្យ និងកាត់ទ្រុង​ចេញនោះឡើយ។

ប្រជាពលរដ្ឋដែល ជាអ្នកធ្វើដំណើរតាមដងផ្លូវបានរអ៊ូរទាំ នៅពេលដែលធ្វើដំណើរជួបជាមួយ នឹងរថយន្តរបស់ឧត្តមសេនីយ៍ខាងលើ ដោយសារវាមាន ទ្រុងវែងពេលបត់ម្តងៗ កកស្ទះចរាចរណ៍យ៉ាងខ្លាំង។ ជាក់ស្តែងនៅពេលថ្មីៗនេះប្រជាពលរដ្ឋបានថតវីដេអូ ស្តីពីរថយន្តរបស់លោកឧត្តមសេនីយ៍ បើកត្រង់ផ្លូវបត់មួយកន្លែង ដោយសារតែរថយន្តមានទ្រុងវែង ខុសលក្ខណៈបច្ចេកទេស ការបត់ត្រូវចំណាយពេលវេលាយូរ។

ពាក់ព័ន្ធនឹងរថយន្តតទ្រុង ខុសលក្ខណៈបច្ចេកទេស របស់ឧត្តមសេនីយ៍ឯក ហាក់ ម៉ៅ នេះ បានធ្វើឲ្យប្រជាពលរដ្ឋ មានការងឿងឆ្ងល់ថា ហេតុអ្វីគណៈកម្មការត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ត និងអាជ្ញាធររាជធានីខេត្ត នៅតែបណ្តែតបណ្តោយ ឲ្យរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសនេះ នៅតែបន្តបើកបរកាត់ទទឹងផ្លូវ ទាំងថ្ងៃទាំងយប់បានតាមចិត្តយ៉ាងដូច្នេះ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋសំណូមពរឲ្យ គណៈកម្មការត្រួតពិនិត្យរថយន្ត ខុសបច្ចេកទេស ពិនិត្យករណីនេះផងដែរ ដោយមិនត្រូវអនុវត្តន៍មានការរើសអើងឡើយ៕