(កណ្តាល)៖ ក្រុមហ៊ុនទ្រីភាពហ្រ្គេនរ៉ូយ៉ាល់ ខេមបូឌា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីមួយទៀតរបស់ឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប បានចាប់ដៃក្រុមហ៊ុនចិន Sichuan Grand Royal Group បោះទុនប្រមាណ ៥០លានដុល្លារអាមេរិក បើករោងចក្រដំឡើងម៉ូតូដ៏ធំមួយនៅក្នុងឃុំពើក ស្រុកអង្គស្នូល ខេត្តកណ្តាល។ សង្វាក់ផលិតកម្មដំឡើងបង្គំម៉ូតូនេះ បានផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរប្រមាណ ៥០០កន្លែងនៅក្នុងដំណាក់កាលដំបូង។
ពិធីបើកសម្ពោធខ្សែសង្វាក់ផលិតកម្មដំឡើងម៉ូតូនេះ ត្រូវបានធ្វើឡើងជាផ្លូវការនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពលោក សាយ សំអាល រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឧកញ៉ា ទ្រី ភាព ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនទ្រីភាពហ្រ្គេនរ៉ូយ៉ាល់ ខេមបូឌា ជាច្រើនរូបផ្សេងទៀត។
ឧកញ៉ា ទ្រី ភាព បានគូសបញ្ជាក់ក្នុងពិធីបើកសម្ពោធអាជីវកម្មថ្មីរបស់ខ្លួនថា ការបើករោងចក្រដំឡើងម៉ូតូនេះ មានគោលបំណងធ្វើឲ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ផ្លាស់ប្តូរបច្ចេកទេស កែលម្អគុណភាពផលិតកម្ម និង ផលិតផល អភិវឌ្ឍន៍ផលិតផលថ្មី ដើម្បីប្រកួតប្រជែងជាមួយទីផ្សារក្នុងប្រទេស និងក្នុងតំបន់។ ជាពិសេសធានាបាននូវបរិស្ថានបៃតង និងផ្តល់ការងារជំនាញដល់កូនចៅរបស់ប្រជាពលរដ្ឋខ្មែរ។
ការបើកដំណើរការរោងចក្រដំឡើងម៉ូតូនេះ ក្រុមហ៊ុនផ្តល់ការងារជូនកូនខ្មែរប្រមាណ ៥០០កន្លែង ហើយចំនួនការងារនេះ អាចនឹងកើនឡើងដល់ ២,៥០០កន្លែងក្នុងរយៈពេល ៣ឆ្នាំបន្ទាប់។ នេះបើតាមការបញ្ជាក់របស់ឧកញ៉ា ទ្រី ភាព។
លោក សាយ សំអាល់ រដ្ឋមន្រ្តីវ័យក្មេងនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព និងក្រុមហ៊ុនចិន ក្នុងការដំឡើងម៉ូតូនៅកម្ពុជា។ លោក សាយ សំអាល់ បានបញ្ជាក់ថា ការបើករោងចក្រដំឡើងម៉ូតូនេះ មិនត្រឹមតែជួយផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរនោះទេ តែក៏បានជួយឲ្យកម្ពុជាកាត់បន្ថយការនាំរបស់ជជុះមកពីក្រៅប្រទេសផងដែរ។
លោក សាយ សំអាល់ បានបញ្ជាក់យ៉ាងដូច្នេះ «ការដំឡើងគ្រឿងម៉ូតូ និងគ្រឿងម៉ាស៊ីនទាំងអស់នេះនៅក្នុងស្រុករបស់យើង គឺអនុញ្ញាត ឲ្យប្រជាជនយើងមានលទ្ធភាពក្នុងការប្រើប្រាស់របស់ថ្មី ហើយអាចអនុញ្ញាតឲ្យយើងកាត់បន្ថយការនាំចូលម៉ូតូជជុះពីក្រៅប្រទេសមកក្នុងប្រទេសរបស់យើង។ សម្រាប់យើងនៅក្រសួងបរិស្ថាន ការនាំចូលរបស់ជជុះចូលមកមិនមែនជាជម្រើសល្អប៉ុន្មាននោះទេ សម្រាប់យើង ព្រោះថ្ងៃណាមួយយើងមិនដឹងថា ត្រូវធ្វើម៉េចចំពោះរបស់ជជុះទាំងអស់នោះនៅពេលប្រើលែងកើត ហើយយើងយកទៅបោះចោល នៅទីណា»។
បើតាមលោក សាយ សំអាល់ ការដំឡើងម៉ូតូរបស់ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ក៏នឹងចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការនាំចេញម៉ូតូចេញពីកម្ពុជា ទៅកាន់ប្រទេសដទៃ។ លោក សាយ សំអាល់ ថា ប្រទេសមីយ៉ាន់ម៉ា គឺជាមុខព្រួញមួយក្នុងការនាំចេញម៉ូតូចេញពីកម្ពុជា។
ឧកញ៉ា ទ្រី ភាព បានឲ្យដឹងថា ក្នុងឆ្នាំដំបូង នៃដំណើរការសង្វាក់ផលិតកម្មដំឡើងម៉ូតូនេះ រោងចក្រអាចផលិតម៉ូតូបានប្រមាណ ១០ម៉ឺនគ្រឿង ម៉ាស៊ីនម៉ូតូ ១០ម៉ឺនគ្រឿង ហើយពេលសង្វាក់ផលិតកម្មដំណើរការពេញបន្ទុកចំនួនផលិតនឹងកើនឡើងទ្វេដង។ បើតាមឧកញ៉ា ទ្រី ភាព ការបើកដំណើរការរោងចក្រដំឡើងម៉ូតូ គ្រោងចំណាយទុនប្រមាណ ៥០លានដុល្លារអាមេរិក តែដំណាក់កាលដំបូងនេះ ប្រើទុនត្រឹមតែ ២០លានដុល្លារប៉ុណ្ណោះ។
ក្នុងពិធីបើកសម្ពោធរោងចក្រជាផ្លូវការ ក្រុមហ៊ុនទ្រីភាពហ្រ្គេនរ៉ូយ៉ាល់ ខេមបូឌា របស់ឧកញ៉ា ទ្រី ភាព ក៏បានប្រគល់ម៉ូតូចំនួន ២២៨គ្រឿង ដែលផលិតដោយក្រុមហ៊ុនផ្ទាល់ ជូនទៅសាលាខេត្តព្រះសីហនុ ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន អគ្គស្នងការនគរបាលជាតិ និងអង្គភាពបញ្ជាការដ្ឋានអង្គរក្ស។
សូមបញ្ជាក់ថា លោកឧកញ៉ា ទ្រី ភាព គឺជាអ្នកវិនិយោគដ៏ធំមួយនៅកម្ពុជា ព្រមទាំងបានក្តោបមុខជំនួញជាច្រើននៅក្នុងដៃ មានដូចជាការប្រមូលទិញដំឡូងមីនាំចេញទៅប្រទេសថៃ ការដំណាំកសិ-ឧស្សាហកម្មកៅស៊ូ និង ម្រេច។ ឧកញ៉ា ទ្រី ភាព ដែលផ្តើមជីវិតចេញពីការឡើងត្នោត បានដាំដំណាំម្រេច និងកៅស៊ូ លើផ្ទៃដីជាច្រើនពាន់ហិកតា ក្នុងខេត្តរតនគីរី ពោធិ៍សាត់ និង ព្រះវិហារ។
ក្រៅពីការដាំដំណាំកសិ-ឧស្សាហកម្ម ឧកញ៉ា ទ្រី ភាព ក៏បានរកស៊ីលើវិស័យសំណង់ និង វិស័យសណ្ឋាគារផងដែរ។ បច្ចុប្បន្នឧកញ៉ាទ្រីភាព មានសណ្ឋាគារ និងកាស៊ីណូចំនួនពីរ នៅព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និងនៅព្រំដែនកម្ពុជា-ថៃ ច្រកអានសេះ ស្រុកជំាក្សាន្ត ខេត្តព្រះវិហារ។ សណ្ឋាគារ និងការស៊ីណូទាំងពីរនេះ មានតម្លៃរាប់លានដុល្លារ ហើយក៏បានចូលរួមធ្វើឲ្យតំបន់ព្រំដែន ដែលធ្លាប់ស្ងប់ស្ងាត់ទាំងពីរ ក្លាយជាតំបន់សេដ្ឋកិច្ចរស់រវើកផងដែរ។
បច្ចុប្បន្នឧកញ៉ា ទ្រី ភាព ក៏មានក្រុមហ៊ុនចែកចាយប្រេងនៅកម្ពុជា ដែលមានឈ្មោះថា «ប៉ាប៉ា ភេត្រូលៀម (PAPA PETROLEUM Co.,Ltd)» ។ ក្រុមហ៊ុននេះ មានស្ថានីយចែកចាយប្រេងឥន្ធនៈនៅទូទាំងប្រទេស។ ក្រុមហ៊ុនរបស់ឧកញ៉ាទ្រី ភាព ក៏កំពុងសាងសង់កំពង់ផែទឹកជ្រៅដ៏ធំមួយនៅក្នុងខេត្តកំពត ដើម្បីដល់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ៕