(​វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិកជិត​ផុតអាណត្តិ លោក បារ៉ាក់ អូបាម៉ា នៅក្នុងជំនួបមួយនៅថ្ងៃអង្គារ ម្សិលមិញ បានបង្គាប់ឱ្យ​ក្រុមមន្ត្រី​ប្រយុទ្ធប្រឆាំង​ភេរវកម្ម និងមន្ត្រី​សន្តិសុខនៅ​ក្នុងប្រទេស​ទាំងអស់​ត្រូវតែ​​មានការប្រុង​ប្រយ័ត្នខ្ពស់ នៅអំឡុង​ពេល​ការពារសន្តិសុខ​នៅថ្ងៃ លោក ដូណាល់ ត្រាំ ចូលស្បថឡើង​កាន់​តំណែង​ជាប្រធានាធិបតី​អាមេរិកទី៤៥ ជាផ្លូវការ​ដោយខ្លាច​ក្រែង​ក្រុមភេរវករ​ អាចនឹង​ឆ្លៀតយក​ឱកាសនេះ ធ្វើ​សកម្មភាព​វាយប្រហារ​​ដោយអំពើភេរវកម្ម​ណាមួយ។ នេះបើតាមសេចក្ដី​ប្រកាសព័ត៌មាន​របស់សេតវិមាន ដែលចុះផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧។

សេចក្ដីប្រកាស​ព័ត៌មាន​ដដែល បាន​ឱ្យដឹង​ដូច្នេះថា «លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានបង្គាប់​ឱ្យ​រាល់ទីភ្នាក់ងារ​សន្តិសុខ​​អាមេរិក​ទាំងមូល​ ត្រូវស្ថិតនៅក្នុងការប្រុង​ប្រយ័ត្ន​ខ្ពស់បំផុតរហូតដល់​កំរិតមួយ​ដែលយើង​អាច​ធានាបាន ចំពោះការ​ការពារសុវត្ថិភាពដល់អ្នកចូលរួម នៅក្នុងពិធីស្បថ​ចូលកាន់​តំណែង​របស់លោក ដូណាល់ ត្រាំ ព្រមទំាង​ត្រៀមទប់ទល់ និងទប់ស្កាត់​ការគំរាម​កំហែង​ពីសំណាក់​ក្រុមភេរវករ និងបុគ្គលដែលនឹងអាចបង្កហិង្សាមួយចំនួនផងដែរ»

គួរបញ្ជាក់ថា​ពិធីស្បថចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ នឹងត្រូវប្រព្រឹត្ត​ទៅនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅខាងមុខវិមាន Capitol ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន៕