(ភ្នំពេញ)៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានអះអាងថា គណបក្សថ្មីរបស់លោក ដែលទើបសហការជាមួយគណបក្សយុត្តិធម៌ជាតិខ្មែរ នៅថ្ងៃនេះមិនមានគ្រាន់តែដើម្បីជាការបំបែកសំឡេងគណបក្សដទៃនោះទេ។ ការអះអាងបែបនេះ ធ្វើឡើងក្រោយពីមានការលើកឡើងរបស់ មជ្ឃដ្ឋានមួយចំនួនថា ការបង្កើតគណបក្សថ្មីៗ គ្រាន់តែជាការដែលបំបែកសំឡេងរបស់គណបក្សប្រឆាំងប៉ុណ្ណោះ។
ថ្លែងក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈស្ដីពីកិច្ចសហប្រតិបត្តិការរវាង គណបក្សខ្មែររួបរួមជាតិ «KNU» ជាមួយគណបក្សយុត្តិធម៌ជាតិខ្មែរ (CNJP) នៅសណ្ឋាគារសាន់វេ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះថា លោក ញឹក ប៊ុនឆៃ បានថ្លែងយ៉ាងដូច្នោះថា «ខ្ញុំយល់ថាការលើកឡើង របស់មជ្ឃដ្ឋានមួយចំនួន ដែលថាការបង្កើតគណបក្សថ្មីនេះ គ្រាន់តែជាការដែលបំបែកសំឡេង បញ្ហានេះគ្រាន់តែជាការមើលមួយជ្រុងទេធាតុពិតទៅ ព្រោះយើងនៅកម្ពុជា យើងប្រកាសយករបបលទ្ធិប្រជាធិបតេយ្យ»។
លោកបានបន្ថែមទៀតថា «ប្រជាពលរដ្ឋខ្មែរទាំងអស់ មានសិទ្ធដើម្បីបង្កើតបក្សនយោបាយ ក្នុងការឈរឲ្យប្រជាពលរដ្ឋលោកបោះឆ្នោតជូន ចឹងហើយ នៅក្នុងបញ្ហាទាំងអស់នេះ ដែលបានលើកឡើងហ្នឹងគ្រាន់តែជាមួយជ្រុងណាមួយទេ ហើយក៏យើងសង្កេតឃើញថា នៅកម្ពុជាយើងច្រើនតែ លាបពណ៍គ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍នយោបាយបក្សរបស់ខ្លួន ឬបុគ្គលរបស់ខ្លួន ដែលលាបពណ៍យ៉ាងនេះយ៉ាងនោះ » ។
លោកក៏បានបញ្ជាក់ដែរថា គណបក្សរបស់លោក មិនមែនជាគណបក្សប្រឆាំងរបស់រាជរដ្ឋាភិបាលទេ។ លោកថា «ខ្ញុំជំរាបជូនថា មិនមានជំហរជាប្រឆាំងទេ ព្រោះនយោបាយយើងខ្ញុំ នយោបាយកណ្ដាលអព្យាក្រឹតមួយដែលមិន យកអ្នកណា បក្សណា ខ្មែរណា ជាសត្រូវ គឺមិនយកបរទេសណា មានផ្ដាច់មុខមួយជំហៀង ហើយត្រូវយកមួយជំហៀងទៀតធ្វើសត្រូវ ព្រោះនយោបាយនេះ ជានយោបាយមួយ ដែលយើងឆ្លងកាត់ ធ្លាប់មានបទពិសោធន៍រួចហើយ» ។
លោកក៏បន្ថែមទៀតថា «ខ្លូនខ្ញុំផ្ទាល់មកដល់ថ្ងៃនេះ ជំរាបជូនថាអត់ដែរបានលក់ខ្លួន លក់ក្បាល លក់ឧត្តមគតិនោះទេ ប៉ុន្តែគ្រាន់តែមានទស្សនៈមួយថា ខ្មែរចេះស្រលាញ់គ្នា ចេះរួបរួមគ្នា ខ្ញុំចង់ជំរាបជូន» ៕