(ព្រះវិហារ)៖ ប្រភេទឈើលេខ២ចំនួន ២៣.៩១ម៉ែត្រគូប ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកត្បែងមានជ័យ សហការជាមួយមន្ត្រីបរិស្ថានដែនជំរកសត្វព្រៃ ព្រះរកា ធ្វើការបង្ក្រាបបាន។ ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិបុស្សធំ ឃុំប្រមេ។
មន្តី្រអាវុធហត្ថស្រុកត្បែងមានជ័យ បានឲ្យដឹងថា ដោយមានការណែនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ កម្លាំងអាវុធហត្ថស្រុកត្បែងមានជ័យ៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ឈឹម អយ មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុក សហការជាមួយមន្ត្រីបរិស្ថានដែន ជំរកសត្វព្រះរការ បានធ្វើការចុះបង្ក្រាបបទល្មើសព្រៃឈើ នៅចំណុចទីតាំងខាងលើ ជាលទ្ធផល កម្លាំងជំនាញ ដកហូតឈើប្រភេទលេខ២ ចំនួន២៣.៩១ម៉ែត្រគូប។
ក្រោយពីការវាស់វែងរួចឈើទាំងនោះ បានប្រគល់ឲ្យមន្ត្រីបរិស្ថានដែនជំរកសត្វព្រៃព្រះរការ រក្សាទុកដើម្បីចាត់ការតាមនិតិវិធី៕