(ភ្នំពេញ)៖ លោក ឈាង វុន ប្រធានគណៈប្រតិភូសភាកម្ពុជា និងជាប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក Hirofumi Nakasome ប្រធានគណៈប្រតិភូសភាជប៉ុន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ម្សិលមិញ ខណៈចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៥ នៃវេទិកាសភា អាស៊ី-ប៉ាស៊ីហ្វិក(APPF)នៅប្រទេសហ្វីជី។
នៅក្នុងជំនួបនោះ លោក Hirofumi Nakasome បានបញ្ជាក់ថា សភាជប៉ុនគំាទ្របេក្ខភាពសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះហើយ ជប៉ុនបានត្រៀមសហការ ជួយសភាកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំប្រចំានេះឲ្យទទួលបានជោគជ័យ។ ជាមួយគ្នានេះ ភាគីជប៉ុនបានស្នើដល់សភាកម្ពុជា កំណត់កាលបរិច្ឆេទ និងទីតាំងសម្រាប់រៀបចំកិច្ចប្រជុំនោះ ឱ្យបានជាក់លាក់នៅក្នុងឆ្នាំ២០១៨។
ប្រធានគណៈប្រតិភូសភាជប៉ុន បានគូសបញ្ជាក់ថា សភាជប៉ុននឹងជួបពិភាក្សាបញ្ហានេះ ជាមួយប្រតិភូសភាកម្ពុជាម្តងទៀត នៅប្រទេសវៀតណាម ក្នុងអំឡុងពេលកិច្ចប្រជុំ APPFឆ្នាំ២០១៨។
ជាការឆ្លើយតប លោក ឈាង វុន បានថ្លែងអំណរគុណដល់រដ្ឋសភារដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយគំាទ្រកម្ពុជា ក្នុងការស្វែងរកសន្តិភាព នៅឆ្នាំ១៩៩១ ហើយមកទល់បច្ចុប្បន្ននេះប្រទេសជប៉ុន បានផ្តល់ជំនួយបច្ចេកទេស ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងការបោសសម្អាតមីននៅកម្ពុជា និងវិស័យជាច្រើនទៀត។ ជាមួយគ្នានេះ លោកក៏បានស្នើសុំឲ្យប្រធានប្រតិភូសភាជប៉ុន ជួយជំរុញអ្នកវិនិយោគទុនជប៉ុន មកបណ្តាក់ទុននៅកម្ពុជា ឲ្យបានច្រើនថែមទៀតផងដែរ។
ចំពោះការលើកឡើងរបស់ លោក ឈាង វុន ប្រធានគណៈប្រតិភូសភាជប៉ុន ពីការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នំារបស់ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ក្នុងឆ្នាំ២០១៩នោះ លោកនឹងរាយការណ៍ជូន សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅពេលគណៈប្រតិភូត្រឡប់មកកម្ពុជាវិញ៕