(ប៉ៃលិន)៖ សាខាកាំកុងត្រូលប្រចាំខេត្តប៉ៃលិន សហការជាមួយមន្ទីរ ពាណិជ្ជកម្មខេត្ត នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ បន្តចុះត្រួតពិនិត្យទំនិញម្ហូបអាហារ ដែលដាក់តាំងលក់តាមតូប និងបិទផ្លាកសញ្ញាផ្សព្វផ្សាយ ដល់អ្នកលក់ជីវករ នៅតាមភូមិឌិននៀវ និងភូមិប៉ាហ៊ី ស្ថិតនៅក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក គិត សុវណ្ណា អនុប្រធានសាខាកាំកុងត្រូលប្រចាំខេត្តប៉ៃលិន បានឲ្យដឹងថា សាខាកាំកុងត្រូលខេត្ត បានបិទផ្លាកសញ្ញាផលិតផលម្ហូបអាហារ ផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋ ឲ្យយល់ដឹងជារៀងរាល់ខែ ជាពិសេសបន្តចុះត្រួតទំនិញខូចគុណភាព និងទំនិញលើសកាលបរិច្ឆេទ ប្រើប្រាស់ ដែលដាក់តាំងលក់នៅតាមទីផ្សានានា ទូទាំងខេត្តប៉ៃលិន ជាបន្តបន្ទាប់ដូចភ្លៀងរលឹម ដើម្បីដកហូតទំនិញខូចគុណភាព យកទៅកម្ទេចចោល និងកុំឲ្យលក់នៅតាមទីផ្សារ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលទិញយកទៅបរិភោគ។
លោកបញ្ជាក់ថា មន្ដ្រីជំនាញបានធ្វើការពន្យល់ណែនាំ ដល់អាជីវករទាំងអស់ កុំឲ្យយកទំនិញណាដែលខូចគុណភាព ទំនិញដែលមិនមានច្បាប់អនុញ្ញាតិ ឬទំនិញដែលមិនមានស្លាកសញ្ញាត្រឹមត្រូវ មកដាក់តាំងលក់ ដែលធ្វើឲ្យប៉ះពាល់សុខភាព យ៉ាងធ្ងន់ធ្ងរ។
បន្ថែមពីនេះ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានថ្លែងថា ទន្ទឹមនេះអាជីវករទាំងអស់មុននឹងទិញទំនិញ យកមកដាក់តាំងលក់ ត្រូវពិនិត្យមើលកាលបរិច្ឆេទ ផលិត និងក្រុមហ៊ុន ឲ្យបានច្បាស់លាស់ដើម្បីជៀសវាង ពេលសមត្ថកិច្ចកាំកុងត្រូល ចុះពិនិត្យឃើញហួសកំណត់ ដកហូតដែលនាំ ឲ្យខាតបង់ថវិកាគ្រូសាររបស់អាជីវករ និងខាតវេលា។
លោកប្រធានសាខា បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការយល់ដឹងមុននឹងទិញទៅប្រើប្រាស់ និងបរិភោគត្រូវមើលទំនិញ ដែលខូចគុណភាព ហួសសុពលភាព ហើយអាជីវករណាមិនគោរព និងធ្វើតាមការណែនាំ របស់សាខាកាំត្រូល ដោយនៅតែបន្តយកទំនិញខូចគុណភាព មកលក់ទៀតនោះ សាខាកាំកុងត្រូល នឹងចាត់វិធានការណ៍តាមផ្លូវច្បាប់។
ក្នុងពេលចុះពិនិត្យទំនិញ សមត្ថកិច្ចកាំកុងត្រូលបានដកហូតទំនិញខូចគុណភាពពីអាជីវករ ដើម្បីយកទៅកម្ទេចចោល រួមមាន ទឹកក្រូចដប១៨ដប, ស្រាបៀ២២ដប, មីកំប៉ុង៤កំប៉ុង, ទឹកដោះគោជូក្មេង២៨ដប, នំកញ្ចប់ស្រួច៦បញ្ចប់ និងម្សៅស៊ុបរ៉តឌី២៤កញ្ចប់៕