(សៀមរាប)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ចុះពិនិត្យវះកាត់ និងព្យាបាលជំងឺភ្នែកឡើងបាយ ជូនប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប ដោយឥតគិតថ្លៃ ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានដឹកនាំគណៈប្រតិភូ ចុះបើកកម្មវិធីពិនិត្យ វះកាត់ និងព្យាបាលជំងឺភ្នែកឡើងបាយ ជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្រោមប្រធានបទ «ដំណើរនៃពន្លឺ»។
ថ្លែងក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានសម្ដែងនូវក្តីសោមនស្សរីករាយ ថ្លែងនូវអំណរគុណ ចំពោះរដ្ឋបាលខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានចាត់បញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកបំពេញបេសកកម្មមនុស្សធម៌នៅកម្ពុជា ជាពិសេសបានជ្រើសរើសខេត្តសៀមរាប ធ្វើជាគោលដៅសម្រាប់ការពិនិត្យ វះកាត់ និងព្យាបាលជំងឺភ្នែកឡើងបាយ។
បន្ថែមពីនេះ លោកអភិបាលខេត្ត ដល់សប្បុរសជននៃខេត្តហៃណានទាំងអស់ ដែលបានយកចិត្តទុក ដាក់បន្តគាំទ្រដល់សម្មភាពមនុស្សធម៌ ក្នុងបុព្វហេតុភាពសុខសាន្ត និងសុភមង្គល ដោយមិនមានប្រកាន់ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
សូមរំលឹកថាខេត្តសៀមរាប និងខេត្តហៃណាន បានចុះហត្ថលេខាលើលិខិតផ្តួចផ្តើម ស្តីពីការបង្កើតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ។ ផ្តើមចេញពីទំនាក់ទំនងនេះ ខេត្តទាំងពីរ ពូនជ្រុំនូវទំនាក់ទំនងរវាគ្នានឹងគ្នា កាន់តែល្អប្រសើរ ជាបន្តបន្ទាប់ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមក និងចេះជួយគ្នាលើសកម្មភាពមនុស្សធម៌ជាដើម។
ជាក់ស្តែង ជាសក្ខីភាពបង្ហាញថាថ្ងៃនេះ ខេត្តសៀមរាបបានទទួលប្រតិភូ និងក្រុមគ្រូពេទ្យមកពីខេត្តហៃណាន ដែលអញ្ជើញមកធ្វើការ ពិនិត្យ វះកាត់ និងព្យាបាលជំងឺភ្នែកឡើងបាយជូនប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប នាឱកាសប្រកបដោយរីករាយ នៃប្រជាពលរដ្ឋមកពីគ្រប់តំបន់ជនបទដាច់ស្រយាលនានា យ៉ាងច្រើនកុះករ ដែលមកទទួល សេវាដ៏ល្អ នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាជនជាតិចិន៕