(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងរដ្ឋបាលក្រុងបានចាមាស៊ីន នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានចុះហត្ថលេខា លើលិខិតយល់ព្រមគ្នាមួយ ដើម្បីបង្កើតកម្មវិធីសិក្សាធំៗមួយចំនួន សំដៅផ្លាស់ប្ដូរបទពិសោធន៍ឲ្យគ្នា ទៅវិញទៅមក ដល់សិស្សនិស្សិត និងគ្រូរបស់ប្រទេសទាំងពីរ និងពង្រឹងកិច្ចសហប្រតិបត្តិការជាច្រើនទៀត។
ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងដោយ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារកម្ពុជា ជាមួយលោក IBNU SINA អភិបាលក្រុងបានចាមាស៊ីន នាទីស្ដី្កការក្រសួងការងារ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។
ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិដ៏ល្អរវាងកម្ពុជា និងឥណ្ឌូណេស៊ីលើគ្រប់វិស័យ ទាំងក្របខណ្ឌទ្វេភាគី និងក្នុង «នាមជាសមាជិកអាស៊ាន។
តាមរយៈជំនួបនាថ្ងៃនេះ ភាគីទាំងពីរបានឯកភាពគ្នា ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិ លើវិស័យការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ តាមរយៈកិច្ចខិតខំបង្កើនការផ្លាស់ប្តូរនិស្សិត ការបង្កើនការបណ្តុះបណ្តាលគ្រូ ការរៀបចំឱ្យមាន ការទទួលស្គាល់ ជំនាញគ្នាទៅវិញទៅមក រួមទាំងការផ្លាស់ប្តូរកម្លាំងពលកម្មជំនាញផងដែរ។
ក្រោយពីជំនួប ភាគីទាំងពីរបានឈានដល់ការចុះហត្ថលេខា លើលិខិតយល់ព្រមគ្នា (Letter of Intention) ដើម្បីរៀបចំជាកិច្ចសហ ប្រតិបត្តិការ រវាងក្រសួងការងារ និងរដ្ឋបាលក្រុងបានចាមាស៊ីន ដោយផ្តោតលើការងារមួយចំនួន ដូចជា៖ រៀបចំកម្មវិធីកម្ម សិក្សាផ្លាស់ប្ដូរបទពិសោធន៍ សម្រាប់សិស្សនិស្សិត និងគ្រូ TVET រវាងប្រទេសទំាងពីរ។ រៀបចំកម្មវិធីបណ្ដុះបណ្ដាលដែល ទទួលស្គាល់រួមគ្នា។ ផ្លាស់ប្ដូរកម្លាំងពលកម្មជំនាញរវាងប្រទេសទាំងពីរ។
ក្រៅពីនេះ ការចុះហត្ថលេខានេះដែរ ក៏ផ្ដោតលើកិច្ចសហការរួមគ្នារៀបចំវគ្គបណ្ដុះបណ្ដាល និងសិក្ខាសាលាដើម្បីអភិវឌ្ឍន៍ សមត្ថភាព របស់កម្លាំងពលកម្មជំនាញ រវាងប្រទេសទាំងពីរ និងកិច្ចសហការរួមគ្នារៀបចំវគ្គបណ្ដុះបណ្ដាល សម្រាប់គ្រូបច្ចេកទេស កម្ពុជា។ ជាមួយគ្នានេះផងដែរ ភាគីឥណ្ឌូណេស៊ី ក៏បានគោរពអញ្ជើញលោករដ្ឋមន្រ្តីដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងបានចាមាស៊ីន ដែលនៅទីនោះ មានឧទ្យានមួយមានឈ្មោះថា «សួនកម្ពុជា»៕
សូមជម្រាបថា បច្ចុប្បន្ន កម្ពុជាបានបញ្ជូននិស្សិតជំនាញបច្ចេកទេសចំនួន ១៣៣នាក់ ទៅសិក្សានៅប្រទេសឥណ្ឌូណេស៊ី ហើយកម្ពុជាបានទទួលនិស្សិតឥណ្ឌូណេស៊ី មកសិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ចំនួន៥៥នាក់ ផងដែរ៕