(បាត់ដំបង)៖ លោក ហែម ថេង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកបាណន់ និងជាប្រធានក្រុមការងារចុះជួយឃុំភ្នំសំពៅ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះ ដឹកនាំអង្គសន្និបាត បូកសរុបការងារគណៈកម្មាធិការបក្សប្រជាជនកម្ពុជា អាណត្តិទី៣ ឃុំភ្នំសំពៅលូន ស្រុកបានណន់។ ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពី សមាជិកប្រតិភូក្រុមការងារ ចុះជួយឃុំភ្នំសំពៅ និងប្រធានក្រុមបក្សមកពីបណ្តាសាខាបក្សភូមិទាំង១០ ក្នុងឃុំភ្នំសំពៅប្រមាណ១,២០០នាក់ ក្នុងនោះបេក្ខជនឈរឈ្មោះ៣១រូបផងដែរ។
លោក នាង ឈឿម ប្រធានគណកម្មាធិការបក្សឃុំភ្នំសំពៅ លើកឡើងពី លទ្ធផលការងារដែលក្រុមការងារចុះជួយឃុំ និងក្រុមប្រឹក្សាឃុំ បានអនុវត្ត៥ឆ្នាំ (២០១២-២០១៧) កន្លងមក គឺមានការកសាង និងអភិវឌ្ឍបានសមិទ្ធិផលជាច្រើន ក្នុងឃុំមានការរីចម្រើនគួរឲ្យកត់សម្គាល់។ ព្រមទាំងបានលើកទិសដៅផែនការ៥ឆ្នាំបន្ត ២០១៧-២០២២ ដើម្បីកសាង និងអភិវឌ្ឍបន្តសម្រាប់បម្រើផលប្រយោជន៍ ប្រជាពលរដ្ឋក្នុងឃុំ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ដោយមានការសម្របសម្រួលពី លោក ជុំ ញ៉ អនុប្រធាន អចិន្ត្រៃយ៍គណកម្មាធិការបក្សស្រុកបាណន់ផង។
ទន្ទឹមនិងនោះ អង្គសន្និបាត បានអនុញាតឲ្យសមាជិកបក្សមួយចំនួន ឡើងមានមតិ និងសំណូពរ ដល់ក្រុមការងារជួយអ្វីដែលនៅខ្វះតិចតួចបន្ថែមទៀត ហើយពួកគាត់ទាំងគ្នា ក៏បានគាំទ្រនូវរបាយការណ៍ក្រុមប្រឹក្សាឃុំភ្នំសំពៅ ៥ឆ្នាំកន្លងមក និងកម្មវិធីគោលនយោបាយរបស់គណបក្សប្រជាជន ក៏ដូជាកម្មវិធីគោលនយោបាយអាណត្តិថ្មី៥ឆ្នាំ ខាងមុខបន្តទៀត ហើយបានបង្ហាញមុខបេក្ខភាព បេក្ខជនទាំង៣១រូប ជូនអង្គសន្និបាតដើម្បីឲ្យសមាជិកបានស្គាល់ ដើម្បីឲ្យសមាជិកបោះឆ្នោតស្ទង់មតិ ដើម្បីបេក្ខជន៩រូប សម្រាប់ឈរឈ្មោះឲ្យគេបោះឆ្នោតសម្រាប់ក្រុមប្រឹក្សាឃុំអាណត្តិថ្មី អាណត្តិទី៤ នាដើម ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ដើម្បីដណ្តើមជ័យជម្នះជូនគណបក្ស បន្តដឹកនាំ និងបម្រើប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើឡើង។
បន្ទាប់មកក្នុងអង្គសន្និបាត បានធ្វើការបោះឆ្នោតសម្ងាត់ដោយគូសលើឈ្មោះ ដែលលោកអ្នកពេញចិត្តដើម្បីជ្រើសរើសបេក្ខភាពក្រុមប្រឹក្សាឃុំអាណត្តិថ្មីឆ្នាំ ២០១៧-២០២២ រួចបិទហិបឆ្នោតបញ្ជូនទៅគណៈកម្មាធិការបក្សស្រុកបាណន់ ត្រួតពិនិត្យលទ្ធផល ហើយបញ្ចូលទៅក្នុងបេក្ខជនឈរឈ្មោះ ឲ្យគេបោះឆ្នោតក្នុងអាណត្តិថ្មីនាពេលខាងមុខ។
លោក ហែម ថេង បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ប្រធានក្រុមការងារចុះជួយខេត្ត ជាតំណាងរាស្រ្តមណ្ឌលបាត់ដំបងថា គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបាននាំមកនូវសុខសន្តិភាព និងការ អភិវឌ្ឍជូនប្រទេសជាតិ លើគ្រប់វិស័យរហូតមកទល់បច្ចុប្បន្ន។
បន្ថែមពីនេះលោក ហែម ថេង បានលើកឡើងថា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏ដូចសម្តេចក្រឡាហោម ស ខេង និងលោក សុខ ផល ប្រធានក្រុមការងារចុះជួយស្រុកបាណន់ លោកតែងតែណែនាំ ជាប្រចាំឲ្យយកចិត្តទុក្ខដាក់គិតគូពីសុខទុក្ខ និងស្ថានភាពជីវភាពរស់នៅរបស់ បងប្អូនជានិច្ចរហូតមក ហើយនេះជាវប្បធម៌ដ៏ល្អ មួយរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើជាមួយប្រជាពលរដ្ឋទូទៅរហូតមក។
លោកប្រធាន ក៏បានបញ្ជាក់ទៀតថា ក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាចុះជួយ ឃុំភ្នំសំពៅ សូមថ្លែងអំណរគុណដល់សមាជិក សមាជិកាបក្សមូលដ្ឋាន ប្រជាពលរដ្ឋ ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជាកន្លងមក ក៏ដូចជាទៅថ្ងៃអនាគតដែរ តែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រៀងរាល់អាណត្តិ៥ឆ្នាំម្តង។ ម៉្យាងវិញទៀត គឺទីណាមានប្រជាពលរដ្ឋជួបការលំបាក ទីនោះមានមុខក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយដោះស្រាយ ជូនប្រជាពលរដ្ឋគ្រប់បែបយ៉ាង ទាន់ពេលវេលា រហ័សទាន់ចិត្ត ពិសេសមានមូលនិធិសម្តេចក្រឡាហោម ចែកជូនស្រ្តីទើបសម្រាលកូន គ្រួសារអ្នកមរណៈ ជារៀងរាល់ខែដោយមិនប្រកាន់និន្នាការបក្សនយោបាយទៀតផង គឺមិនដែលភូតកុហក ដូចគណបក្សផ្សេងនោះឡើយ ដោយមានទម្លាប់ល្អមួយមិនដែលសន្យា ជាមួយប្រជាពលរដ្ឋទេ តែបានធ្វើ និងកសាងសមិទ្ធិផលជាច្រើន សម្រាប់ជាប្រយោជន៍ជូនជាតិ និងប្រជាជនតរហូត។
លោកប្រធាន បានបន្ថែមទៀតថា «ប្រជាពលរដ្ឋមូលដ្ឋានយើងទាំងអស់ ត្រូវចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្តិភាពទាំង៩ចំណុច ពិសេសត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានល្អ ដើម្បីការពារ និងកាត់បន្ថយអាត្រាស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផងដែរ»។
សូមបញ្ជាក់ថា សន្និបាតនេះដែរ លោកប្រធានក្រុមការងារ ក៏បានចំណាយថវិកាសម្រាប់កម្មវិធីទាំងមូល និងសោហ៊ុយ ធ្វើដំណើរដល់អ្នកចូលរួមផងដែរ៕