(ភ្នំពេញ)៖ ថ្លែងក្នុងជំនួបជាមួយតំណាងសហជីពពលកម្មកម្ពុជា ក្នុងវេទិកាពិគ្រោះយោបល់ ស្តីពីការស្វែងរកលក្ខខណ្ឌការងារល្អ និងប្រាក់ឈ្នួលខ្ពស់ សមរម្យសម្រាប់ពលករកម្ពុជា លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងទៅតំណាង និងអ្នកដឹកនាំសហព័ន្ឋ សហជីព ពលកម្ម កម្មករ អង្គការ សមាគម ឲ្យជួយសហការ ចូលរួមលើកកំពស់ការស្វែងរក ការងារល្អៗជូនពលករ ទាំងក្នុងនិងក្រៅប្រទេស ឲ្យប្រាក់ចំណូលល្អដែលជាការចូលរួមកាត់បន្ថយភាពក្រីក្រ។
វេទិការនេះ បានធ្វើឡើងនៅមណ្ឌលម៉ូឌែន៥ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ដែលមានការចូលរួមពីតំណាងក្រុមហ៊ុន សហជីពកម្មករ អង្គការ សមាគម គណៈអ៊ីម៉ាំរាជធានី ខេត្ត និងយុវជនតាមបណ្តាខេត្តនានា។
លោក អ៊ីមរ៉ន ហាស្សាន់ ប្រធានក្រុមហ៊ុន «ហ្វមីសមែនផៅវើ ខូអិលធឌី» បានប្រកាសជាសាធារណៈ ដល់អ្នកចូលរួមជាតំណាងមកពីសហជីពនានា និងអង្គការសមាគម ឲ្យជួយផ្សព្វផ្សាយពីឱកាសការងារតាមរយៈក្រុមហ៊ុនរបស់លោក ដែលកំពុងធ្វើការជ្រើសរើសបញ្ជូនពលករទៅកាន់ប្រទេសម៉ាឡេស៊ី និងអារ៉ាប៊ីសាអូឌីត។
លោកបញ្ជាក់ថា សម្រាប់ពលករជាស្រ្តីដែលបម្រើការងារផ្ទះនៅម៉ាឡេស៊ី បានទទួលប្រាក់ខែ៣០០ដុល្លារ ហើយនៅប្រទេសអារ៉ាប៊ីសាអូឌីត បាន៤០០ដុល្លារ ក្នុងកិច្ចសន្យា២ឆ្នាំ គឺពលករនឹងទទួលប្រាក់សុទ្ធគ្រប់គ្រាន់ មិនត្រូចចំណាយលើការកាត់កុងអ្វីទាំងអស់ ព្រោះការចំណាយហូបចុក ស្នាក់នៅ និងចំណាយឯកសារចាំបាច់ផ្សេងៗ ជាបន្ទុករបស់ក្រុមហ៊ុន រឺនាយោជក។
បន្ថែមពីនេះ លោក អូស្មាន ហាស្សាន់ បានឲ្យដឹងថា ក្រៅពីឱកាសការងារក្នុងប្រទេស គឺពលករ ពលការនី ក៏អាចមានឱកាសច្រើនផងដែរ ក្នុងការទៅបម្រើការងារក្រៅប្រទេស ជាក់ស្តែង កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចុះហត្ថលេខា ឯកភាពក្នុងការបញ្ជូនពលករ ទៅបម្រើការងារនៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីមានការផ្អាកមួយរយៈកាលកន្លងទៅ ដោយសារបញ្ហាមួយចំនួន ប៉ុន្តែថ្មីៗនេះ ដោយអនុលោមទៅតាមនិតិវិធី និងច្បាប់ដ៏ត្រឹមត្រូវ ផ្អែកសេចក្តីព្រាង ដែលឈរលើលក្ខខណ្ឌការងារសមរម្យ ព្រមទាំងប្រាក់ឈ្នួលល្អគួរសម អាចទទួលយកបានរវាងភាគីទាំងពីរប្រទេស ក៏ដូចជានិយោជក និងនិយោជិក ក្រសួងការងារ បានស្នើទៅក្រសួងការបរទេស ដើម្បីជូនដំណឹងទៅភាគីម៉ាឡេស៊ី ដែលកម្ពុជាបានចាប់ផ្តើមជ្រើសរើសចាប់ពីខែមករា ឆ្នាំ ២០១៧នេះតទៅ។
ជាមួយគ្នានោះ លោកក៏បានអំពាវនាវ ដល់ពលករ-ពលការនីទាំងអស់ ដែលមានបំណងទៅធ្វើការតាមរយៈក្រុមហ៊ុននានា មុននឹងសម្រេចចិត្ត ត្រូវពិនិត្យលើលក្ខខណ្ខសបច្បាប់របស់ក្រុមហ៊ុន ចៀសវាងមានបញ្ហាណាមួយ ធ្វើឲ្យខាតបង់ទាំងថវិកា ពេលវេលា និងអាចបង្កការប៉ះពាល់ ដល់សុវត្ថិភាពផងដែរ៕