(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា កម្ពុជា-ជប៉ុន បានឯកភាពគ្នាបង្កើតឲ្យមាននូវប្រព័ន្ធ HOT LINE និងមន្រ្តីទំនាក់ទំនងមួយ ដើម្បីធ្វើការជាមួយគ្នាក្នុងការផ្លាស់ប្តូរព័ត៌មានទាន់ពេលវេលាធ្វើយ៉ាងការពារ​ សុវត្ថិភាព សន្តិសុខ ជូនជនជាតិជប៉ុន។

ការប្រកាសពីការឯកភាពនេះ បានធ្វើឡើង នៅក្នុងជំនួបរវាង នាយឧត្តមសេនីយ៍ នេត សាវឿន អនុញ្ញាតឲ្យ លោក ហ៊ីដេហ៊ីសា ហារី ហូរីណូអ៊ុជិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោក នេត សាវឿន បានថ្លែងកោតសរសើរ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា ជាពិសេសរវាងអគ្គស្នងការដ្ឋាន នគរបាលជាតិកម្ពុជា និងភ្នាក់ងារនគរបាលជាតិនៃប្រទេសជប៉ុន ដែលក្នុងនោះនគរបាលជាតិ នៃប្រទេសជប៉ុន បានជួយដល់កម្ពុជាជាច្រើន ទៅលើការងារបណ្តុះបណ្តាល ការប្រយុទ្ធប្រឆាំងភេរវកម្ម និងការងារប៉ុស្តិ៍នគរបាលរដ្ឋបាលផងដែរ។

នាយឧត្តមសេនីយ៍ បានថ្លែងបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការសហការ ដើម្បីទប់ស្កាត់នូវអំពើភេរវកម្ម នានាតាមរយៈការផ្លាស់ប្តូរព័ត៌មានយ៉ាងជិតស្និទ្ធជាមួយប្រទេសជប៉ុន ហើយកន្លងមកអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការក្នុងការការពារជនជាតិជប៉ុន ទាំងថ្នាក់ដឹកនាំ អ្នកវិនិយោគ និងភ្ញៀវទេសចរណ៍។ ក្នុងឱកាសនោះដែរ លោក នេត សាវឿនក៏បានស្នើឲ្យភាគីជប៉ុនជួយផ្តល់ នូវការបណ្តុះបណ្តាលបន្ថែម ក៏ដូចជាផ្តល់សម្ភារៈ បច្ចេកទេស ពាក់ព័ន្ធដល់ នគរបាលកម្ពុជា។

ក្នុងជំនួបនោះដែរ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានថ្លែងការកោតសរសើរចំពោះការគ្រប់គ្រងចរាចរណ៍ បរិស្ថាន សន្តិសុខ របស់ប្រទេសជប៉ុនហើយកម្ពុជាតែងតែយកប្រទេសជប៉ុនធ្វើជាគំរូក្នុងការអនុវត្តការងារទាំងអស់នេះផងដែរ។

ជាការឆ្លើយតបពាក់ព័ន្ធនឹងការបណ្តុះបណ្តាល និងផ្តល់សម្ភារៈបច្ចេកទេស លោក ហ៊ីដេហ៊ីសា ហារី ហូរីណូអ៊ុជិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក៏បានទទួលយកសំណើនេះ ដើម្បីដាក់ជូនថ្នាក់ដឹកនាំ។ ឯកអគ្គរាជទូតក៏បានថ្លែងអំណរគុណ ចំពោះអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលតែងតែយកចិត្តទុកដាក់ទៅលើជនជាតិជប៉ុន ហើយក៏ដូចជាសហការ ការពារស្ថានទូត និងកម្មវិធីនានារបស់ស្ថានទូតផងដែរ។

ឯកអគ្គរាជទូត ក៏បានបង្ហាញពីការអភិវឌ្ឍរវាងជប៉ុន និងកម្ពុជា ដោយមានជើងហោះហើរផ្ទាល់ពីជប៉ុនមកកម្ពុជា ដែលទាំងនេះ ធ្វើឲ្យមានការកើនឡើងទាំងចំនួនភ្ញៀវទេសចរណ៍ អ្នកវិនិយោគ និងប្រតិភូជាន់ខ្ពស់របស់ប្រទេសជប៉ុន ធ្វើដំណើរមកកម្ពុជា។ ហេតុនេះហើយតម្រូវឲ្យមានការសហការយ៉ាងជិតសិទ្ធក្នុងការការពារ និងផ្លាស់ប្តូរព័ត៌មាន៕