(បាត់ដំបង)៖ នាយករដ្ឋមន្រ្តីស្តីទី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា សម្តេចនឹងប្រឹងប្រែងធ្វើចលនាកៀរគរ ស្វែងរកការឧបត្ថម្ភពីសប្បុរសជននានា ដើម្បីទ្រទ្រង់ដល់សកម្មភាពរបស់សមាគមអតីតយុទ្ធជន និងជួយដល់ដោះស្រាយបញ្ហា របស់អតីតយុទ្ធជនផងដែរ។
ការប្រកាសរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងពេល ដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន នៅក្នុងខេត្តបាត់ដំបងប្រមាណ១២០០នាក់ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ម្សិលមិញនេះ។
បើតាមនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន បានប្រាប់ Fresh News ឲ្យដឹងថា ក្នុងកិច្ចសំណេះសំណាលនោះ សម្តេចក្រឡាហោម ស ខេង ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ដែលបានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ជួយដោះស្រាយបញ្ហារបស់អតីតយុទ្ធជន និងធ្វើឲ្យការរស់នៅបានល្អប្រសើរ។
បើតាមនាយឧត្តមសេនីយ៍ គន់ គីម ក្នុងកិច្ចសំណេះសំណាលនោះ សម្តេច ស ខេង ក៏បានក្រើនរំលឹកទៅដល់ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនទាំងអស់ ត្រូវប្រឹងប្រែងបន្ថែមទៀត ក្នុងការដោះស្រាយបញ្ហារបស់អតីតយុទ្ធជន ហើយត្រូវធ្វើបច្ចុប្បន្នភាពស្ថិតិរបស់អតីតយុទ្ធជន ឲ្យបានច្បាស់លាស់ផងដែរ។ ជាពិសេសត្រូវរកឲ្យឃើញអតីតយុទ្ធជន ដែលមានបញ្ហាជីវភាពខ្វះខាតផ្ទះសម្បែងជាដើម។
សម្តេចក្រឡាហោម ស ខេង ក៏បានប្រកាសដែរថា សម្តេចនឹងបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជន ដែលមិនទាន់ទទួលបាន ជាដឹងគុណចំពោះគុណបំណាច់របស់ពួកគាត់ ដែលបានប្រឹងប្រែងពលីកម្លាំងកាយចិត្ត ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសការជួយស្វែងរកសន្តិភាពសម្រាប់កម្ពុជា។
បន្ទាប់ពីកិច្ចសំណេះសំណាល សម្តេចក្រឡាហោម ស ខេង ក៏បានឧបត្ថម្ភថវិកា និងអង្ករជូនអតីតយុទ្ធជនទាំងជាង ១ពាន់នាក់នោះផងដែរ៕