(ភ្នំពេញ)៖ របាយការណ៍របស់ក្រុមការងារទប់ស្កាត់ករណីដួលសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ (ទ.ស.ប.ក) នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ឆ្នាំ២០១៦ ករណីកម្មករនិយោជិតដួលសន្លប់ នៅទូទាំងប្រទេស មានជាង១ពាន់នាក់ ដែលថយចុះ៣៦ភាគរយ បើធៀបនឹងឆ្នាំ២០១៥។
របាយការណ៍នេះ ត្រូវបានបញ្ជាក់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៦ របស់ ទ.ស.ប.ក ក្រោមអធិបតីភាព លោក អ៊ុក សមវិទ្យា នាយក ប.ស.ស និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ តំណាងអង្គការជាតិ អន្តរជាតិ តំណាងសហគ្រាស គ្រឹះស្ថាន និងសហជីពមូលដ្ឋាន។
របាយការណ៍របស់ ទ.ស.ប.ក បានបញ្ជាក់ថា «ក្នុងឆ្នាំ២០១៦ មានករណីកម្មករសន្លប់ចំនួន ៦៤៦នាក់ ថយចុះ៣៦ភាគរយ បើធៀបនឹងឆ្នាំ២០១៥ កើតឡើងក្នុង១៨រោងចក្រ មានការថយចុះជាងឆ្នាំមុន ១៤រោងចក្រ ស្មើនឹង៤៤ភាគរយ»។
រុមការងារ ទ.ស.ប.ក បានចុះអង្កេត និងសិក្សាស្រាវជ្រាវរកឃើញថា មូលហេតុដែលបណ្ដាលឲ្យមានករណីកម្មករសន្លប់ ក្នុងឆ្នាំ២០១៦ «មានកត្តាចម្បង៤យ៉ាង រួមមាន៖ បញ្ហាចិត្តសាស្រ្ត៣៤ភាគរយ បញ្ហារូបសាស្រ្ត២២ភាគរយ បញ្ហាគីមីសាស្រ្ត១៨ភាគរយ និងការថែមម៉ោងធ្វើការ២ម៉ោង ក្នុងមួយថ្ងៃ១៦ភាគរយ»។
របាយការណ៍បានបន្តទៀតថា ឆ្នាំ២០១៦ ក្រុមការងារ ទ.ស.ប.ក បានចុះផ្សព្វផ្សាយអប់រំចំនួន ៧៧ករណី ស្មើនឹង៧៧រោងចក្រ មានកម្មករចូលរួមចំនួន ១៣,០៤១នាក់ ដែលជាការកាត់ចំណែកទៅរកក្រុមសហជីព ប្រតិភូបុគ្គលិក ប្រធានក្រុម/ផ្នែក ជាបុគ្គលិកសំខាន់ដែលមានលទ្ធភាពផ្សព្វផ្សាយបន្ត។ ក្នុងនោះ នៅរាជធានីភ្នំពេញ មានចំនួន ៧០រោងចក្រ ស្មើនឹង១២,០៧៩នាក់ ខេត្តកំពង់ស្ពឺ ៦រោងចក្រ ស្មើនឹង៨២៨នាក់ និងខេត្តតាកែវ ១រោងចក្រ ស្មើនឹង១៣៥នាក់៕