(តាកែវ)៖ លោក ស៊ូ ភិរិន្ទ អនុប្រធានក្រុមការងារថ្នាក់កណ្តាល និងជាប្រធានក្រុមការងារសេនាធិការ នៃក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តតាកែវ បានដឹកនាំក្រុមការាងារ ចូលរួមបើកសន្និបាតគណបក្សឃុំស្រែរនោង ដើម្បីត្រួតពិនិត្យការងារ និងពង្រឹងការងារ នៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋ។
អង្គសន្និបាតវាយតម្លៃ អំពីសមិទ្ធផល បញ្ហាប្រឈមក្នុងការអនុវត្តគោលនយោបាយសម្រាប់ការអភិវឌ្ឍន៍ឃុំអាណត្តិទី៣ ឆ្នាំ២០១២-២០១៧ និងការកំណត់គោលនយោបាយរបស់គណបក្សសម្រាប់អភិវឌ្ឍឃុំស្រែរនោង អាណត្តិទី៤ ឆ្នាំ២០១៧-២០២២ បានរៀបចំធ្វើ នៅព្រឹកថ្ងៃពុធទី១៨ ខែមករា ឆ្នាំ២០១៧ នៅភូមិសាមគ្គី ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។
អង្គសន្និបាតរបស់ឃុំស្រែរនោងនេះ បានប្រព្រឹត្តទៅក្រោមការចូលរួមជាអធិបតី បណ្ឌិត ស៊ូ ភិរិន្ទ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល និងជាប្រធានក្រុមការងារ សេនាធិការ នៃក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តតាកែវ តំណាងឲ្យបណ្ឌិតសភាចារ្យ សុខ អាន សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ។
លោក អ៊ិត សារុន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានមន្ទីរគណបក្សខេត្តតាកែវ លោក សាន វណ្ណទី ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំស្រែរនោង លោក អ៊ូច ភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ អស់លោក លោកស្រី ជាអនុប្រធាន សមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយ ឃុំស្រែរនោង និងប្រជាពលរដ្ឋ ប្រមាណ៤០០នាក់ ។
សន្និបាតគណបក្សឃុំស្រែរនោង នាថ្ងៃនេះមានគោលបំណងចម្បង៣ រួមមាន ទី១ ឆ្លងនិងអនុម័តសេចក្ដីព្រាងខ្លឹមសាររបាយការណ៍ បូកសរុប វាយតម្លៃលទ្ធផលនៃការអនុវត្ត កម្មវិធីនយោបាយរបស់ គណបក្សឃុំ ដើម្បីអភិវឌ្ឍន៍ឃុំក្នុងរយៈពេល៥ឆ្នាំ២០១២-២០១៧។ទី២ ឆ្លង និងអនុម័តសេចក្ដីព្រាងកម្មវិធីនយោបាយរបស់គណៈកម្មាធិការនៃគណបក្សឃុំដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ឃុំអាណត្តិទី៤ ឆ្នាំ២០១៧-២០២២។ និងទី៣ ធ្វើការបោះឆ្នោតជាសម្ងាត់ ដើម្បីជ្រើសរើសសមាសភាពបេក្ខជនក្រុមប្រឹក្សាឃុំ ត្រៀមប្រកួតប្រជែងក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៤។
អង្គសន្និបាតគណៈកម្មាធិការគណបក្សឃុំស្រែរនោងនៅពេលនេះគឺជាឱកាសមួយដើម្បីពិនិត្យមើលពីស្ថានភាពជីវភាពរបស់ ប្រជាពលរដ្ឋនិយាយដោយឡែកប្រជាពលរដ្ឋឃុំស្រែរនោង ក៏សម្រេចបាននូវសមិទ្ធិផលយ៉ាងច្រើន ក្នុងបុព្វហេតុកសាងអភិវឌ្ឍន៍ មូលដ្ឋានរបស់ខ្លួន ដើម្បីឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាំឃុំអាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ និងក្លាយជាជំហានរីកចម្រើនមួយទៀត នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ការអនុវត្តប្រព័ន្ធ វិមជ្ឈការថ្នាក់ឃុំ។
កិច្ចដំណើរការជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំនេះ សរបញ្ជាក់ឱ្យឃើញអំពីភាពកាន់តែរឹងមាំលើមូលដ្ឋានគ្រឹះនៃអំណាចរបស់ ប្រជាជនតាមរយៈការចូលរួមយ៉ាងទូលំទូលាយប្រកបដោយ ការភ្ញាក់រលឹកក្នុងការបោះឆ្នោត ដើម្បីជ្រើសរើសតំណាងដែលខ្លួន ស្រឡាញ់ និងមានជំនឿទុកចិត្ត សម្រាប់ដឹកនាំការអភិវឌ្ឍន៍របស់ឃុំបន្តទៅមុខទៀត។
សូមបញ្ជាក់ថា លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៣ ឆ្នាំ២០១២-២០១៧ របស់ឃុំស្រែរនោងគឺទទួលបាន អាសនៈ៥លើ៧៕