(ភ្នំពេញ)៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំកិច្ចប្រជុំដាក់ ផែនការបង្ក្រាបបទល្មើស និងបញ្ហាគ្រឿងញៀន ដែលជាបញ្ហាក្ដៅគគុក។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពី លោកមេបញ្ជាការកងរាជអាវុធហត្ថ ខណ្ឌលោកអធិការរងនគរបាលខណ្ឌ លោកអភិបាលរង លោកនាយក នាយករង ចៅសង្កាត់ និងនាយប៉ុស្តិ៍ទាំងអស់ព្រមទាំងប្រធាន ការិយាល័យជំនាញពាក់ព័ន្ធទាំងអស់។
ក្នុងកិច្ចប្រជុំនោះ លោកប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានដាក់ចេញនូវរបៀបវារៈសំខាន់ដូចជា៖
ទី១៖ បញ្ហាបង្ក្រាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ
ទី២៖ បញ្ហាបង្ក្រាបល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ
ទី៣៖ បញ្ហាចោរកម្មគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ
ទី៤៖ ការធ្វើវេទិកាសាធារណៈ និងការអនុវត្តសារាចរលេខ០១ របស់រាជរដ្ឋាភិបាល និងទី៥៖ បញ្ហាផ្សេងៗដែលពាក់ព័ន្ធ មួយចំនួនទៀត៕