(មណ្ឌលគិរី)៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានបន្តដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាពលរដ្ឋ ដោយបានផ្តល់ជាអណ្តូងទឹកស្អាតប្រភេទអាហ្រ្វីដេហ្វចំនួន ១២ អណ្ដូង ដែលមានលេខរៀងចាប់ពីលេខ០៥៤ ដល់លេខរៀង០៦៥ ដើម្បីផ្ដល់ជូនដល់ប្រជាពលរដ្ឋទុកសម្រាប់ប្រើប្រាស់ចំនួន ២៨៣គ្រួសារ ស្មើនឹងមនុស្ស១,៤១៥នាក់ ស្ថិតនៅក្នុងឃុំស្រែខ្ទម ឃុំស្រែព្រះ និងឃុំស្រែឈូក នៃស្រុកកែវសីមា ខេត្តមណ្ឌលគិរី (ជាប់ព្រំដែនខេត្តប៊ិញភឿក ប្រទេសវៀតណាម) នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧។
ប្រជាពលរដ្ឋទាំងអស់ ក្រោយពីទទួលបាននូវសមិទ្ធផលថ្មីនេះ បានថ្លែងទាំងក្តីរំភើបឥតឧបមា ព្រោះពួកគាត់លែងមានក្តីបារម្មណ៍ពីការខ្វះខាតទឹកប្រើប្រាស់ ឬក៏ទៅរែកទឹកពីទីឆ្ងាយដូចមុនទៀតឡើយ។ ពួកគាត់នឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ក្នុងការទទួលទាន និងដាំដំណាំនៅជុំវិញផ្ទះ នេះគឺជាការជួយលើកស្ទួយកម្រិតជីវភាពគ្រួសារ របស់ពួកគាត់ឲ្យកាន់តែប្រសើរឡើងទៀតផង។
នៅក្នុងពិធីប្រគល់អណ្តូងនោះដែរ លោកវេជ្ជ អ៊ុយ សំអាត នាយក នៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ របស់កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងបានយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ ពិសេសការខ្វះខាតទឹកស្អាតប្រើប្រាស់នេះ។ ជាមួយគ្នានោះលោកវេជ្ជ. អ៊ុយ សំអាត បានជម្រាបជូនប្រជាពលរដ្ឋនូវអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពាក់ព័ន្ធទៅនឹង៖
១៖ ការថែទាំសុខភាព មាតា កុមារ និងស្ត្រីមានផ្ទៃពោះ។
២៖ វិធីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍។
៣៖ បញ្ហាគ្រឿងញៀន អំពើហិង្សាក្នុងគ្រួសារ និងល្បែងស៊ីសងគ្រប់ប្រភេទ។
៤៖ ការចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយអត្រាស្លាប់ និងពិការដោយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
នៅព្រឹកថ្ងៃដដែលនោះដែរ ក្រុមការងារ ក៏បានបន្តចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន៣គ្រួសារ ដោយក្នុងគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម ឃីត១ (មុង ភួយ សារុង ក្រមា) ត្រី១០កំប៉ុង មី១កេស និងថវិកាមួយចំនួនផងដែរ៕