(ពោធិ៍សាត់)៖ លោក ម៉ម អំណត់ រដ្ឋលេខាធិការ​ តំណាងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី​១៨ ខែមករា ឆ្នាំ២០១៧​នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល សរុប៤១រូប និងប្រគល់ត្រាថ្មីជាផ្លូវការ ជូនមន្ទីរកសិកម្ម​រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់​។

ពិធីប្រកាស​បញ្ចូលក្របខណ្ឌ និងប្រគល់ត្រាថ្មីជាផ្លូវការខាងលើនេះ ត្រូវបានធ្វើឡើងនៅបរិវេណមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្ត ដោយមានការចូលរួម ពីអស់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីជំនាញដែលត្រូវប្រកាសបញ្ចូលយ៉ាងច្រើនកុះករ។​

គួរបញ្ជាក់ថា ក្រមខណ្ឌមន្ត្រីរាជការមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តពោធិ៍សាត់ បច្ចុប្បន្នមានចំនួន ១៧៣រូប ស្រី២៧រូប ក្នុងនោះខណ្ឌរដ្ឋបាលជលផល ដែលត្រូវប្រកាសបញ្ចូលមាន ១២រូប និងខណ្ឌរដ្ឋបាលព្រៃឈើ ដែលត្រូវប្រកាសបញ្ចូលមាន ២៩រូប៕