(ភ្នំពេញ)៖ គណបក្សខ្មែររួបរួមជាតិ មានលោក ញឹក ប៊ុនឆៃ ជាប្រធាន និងគណបក្សយុត្តិធម៌ជាតិខ្មែរមានលោក ហ៊ាង រិទ្ធី ជាប្រធាន បានចាប់ដៃគ្នា ដើម្បីពង្រឹងខ្លួនត្រៀមចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ ក៏ដូចជាការបោះឆ្នោតជាតិឆ្នាំ ២០១៨។

ពិធីចុះហត្ថលេខាចងសម្ព័ន្ធភាពនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារសាន់វេរវាងលោក ញឹក ប៊ុនឆៃ និងលោក ហ៊ាង រិទ្ធី។

យោងតាមសេចក្តីប្រកាសរួមរបស់គណបក្សខ្មែររូបរួមជាតិ និងគណបក្សយុត្តិធម៌ជាតិខ្មែរ បានបញ្ជាក់ឲ្យដឹងថា អនុស្សារណៈស្តីពី កិច្ចសហប្រតិបត្តិការជាមួយគ្នា ជាលិខិតតូបករណ៍បើកផ្លូវឲ្យគណបក្សទាំងពីរអាចបង្កើតឡើងនូវក្រុមការងារបច្ចេកទេសចម្រុះ គណបក្ស ដើម្បីរៀបចំយន្តការដ៏មានប្រសិទ្ធភាពក្នុងការជួយគ្នាទៅវិញទៅមក សំដៅដល់ការប្រមូលផ្តុំសំឡេងគាំទ្ររបស់ គណបក្សទាំងពីរ ដើម្បីឲ្យមានលទ្ធភាពចូលរួមចំណែកបម្រើប្រជារាស្រ្ត។

គណបក្សខ្មែររូបរួមជាតិ និងគណបក្សយុត្តិធម៌ជាតិខ្មែររំពឹងថា កិច្ចសហប្រតិបត្តិការនេះ នឹងនាំមកនូវលទ្ធផលល្អប្រសើរសម្រាប់ គណបក្សទាំងពីរ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នៅពេលអនាគតខាងមុខ។

គណបក្សនយោបាយដែលទើបប្រកាសរួបរួមគ្នាជាផ្លូវនេះ ក៏បានអំពាវនាវ និងទទូចដល់ប្រជាពលរដ្ឋខ្មែរ គ្រប់មជ្ឈដ្ឋានផ្តល់ការ គាំទ្រចំពោះគណបក្សខ្មែររូបរួមជាតិ និងគណបក្សយុត្តិធម៌ជាតិខ្មែរ ដោយចូលរួមសកម្មភាព ដើម្បីលើកតម្កើងផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ៕