(ភ្នំពេញ)៖ រដ្ឋមន្រ្តីការបរទេសឡាវ លោក សាលើមសៃ គុំម៉ាស៊ីត នឹងមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានៅដើមសប្តាហ៍ក្រោយ តបតាមការអញ្ជើញរបស់លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នេះបើយោងតាម សេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះ។
យោងតាមសេចក្តីជូនព័ត៌មានបានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែមករា លោក សាលើមសៃ គុំ ម៉ាស៊ីត នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុន។ លោករដ្ឋមន្រ្តីការបរទេសឡាវ ក៏នឹងចូលសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាផងដែរ។
បើតាមសេចក្តីជូនព័ត៌មានក្រសួងការបរទេសកម្ពុជា បានឲ្យដឹងទៀតថា ក្នុងដំណើរទស្សនកិច្ច លោក សាលើមសៃ គុំ ម៉ាស៊ីត ក៏នឹងចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ ជាមួយទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង ហើយនៅចុងបញ្ចប់នៃកិច្ចប្រជុំភាគីទាំងពីរ នឹងចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំ។
ចុងបញ្ចប់នៃដំណើរទស្សនកិច្ចនេះ លោក សាលើមសៃ គុំម៉ាស៊ីត ក៏នឹងអញ្ជើញទស្សនាសារមន្ទីរជាតិផងដែរ៕