(ភ្នំពេញ)៖ មន្ទីរសំរាកព្យាបាលកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ មានរៀបចំកិច្ចសម្ភាសន៍ពិសេសមួយ ក្រោមប្រធានបទ៖ «អត្ថប្រយោជន៍អេកូសាស្ត្រ ចំពោះស្ត្រីមានផ្ទៃពោះ» ដែលបទសម្ភាសន៍នេះ ផ្តល់ជូនដោយ លោកស្រី ឌែលហ្វីន គ្រូពេទ្យឯកទេសខាងអេកូសាស្ត្រ ជនជាតិបារាំង និងលោកស្រីវេជ្ជបណ្ឌិត ស៊ាន សុខទៀង គ្រូពេទ្យឯកទេសរោគស្ត្រី និងការលំបាកមានកូន នៃមន្ទីរសំរាកព្យាបាលកម្ពុជា។
លោកស្រី ឌែលហ្វីន បានលើកឡើងថា គោលបំណងនៃការផ្តល់សម្ភាសន៍នេះ គឺដើម្បីជំរាបជូនដល់សាធារណជន ជាពិសេសសំរាប់ស្ត្រី ដែលកំពុងតែមានគត៌ទាំងអស់ អំពីការប្តេចជ្ញាចិត្ត របស់មន្ទីរសំរាកព្យាបាលកម្ពុជា ក្នុងការប្រកាន់ខ្ជាប់ នូវបទដ្ឋានកំរិតអន្តរជាតិ ក្នុងការផ្តល់សេវាផ្នែកអេកូសាស្ត្រ ជូនដល់ប្រជាពលរដ្ឋ តាមរយៈការដាក់ឲ្យប្រើនូវម៉ាស៉ីនអេកូ មានលក្ខណៈទំនើប ដែលបានបង្កើតឡើង សំរាប់មើលទារកក្នុងផ្ទៃ (ម៉ាកGE) ជាមួយនឹងគ្រូពេទ្យឯកទេស ផ្នែកអេកូសាស្រ្ត ព្រមទាំងការផ្តល់នូវរបាយការណ៍ មានលក្ខណៈច្បាស់លាស់។
លោកស្រីបានលើកឡើងថា ម៉ាស៉ីនអេកូទំនើបនេះ រួមជាមួយនឹងឯកទេសរបស់លោកស្រី មានសមត្ថភាពអាចមើលដឹង អំពីភាពខុសប្រក្រតី រឺមិនពេញលក្ខណៈរបស់ទារក ដូចជា បេះដូងចំហ ជម្ងឺ down syndrome (ក្រូម៉ូសូមទី២១មាន៣) និងដឹងអំពីគត៌ ដែលអាចប្រឈមនឹងបញ្ហាលើសឈាម ឬ ព្រាយក្រឡាភ្លើងជាដើម។
លោកស្រី ឌែលហ្វីន បានបញ្ជាក់ទៀតថា ប្រសិនបើស្ត្រីដែលកំពុងតែមានគត៌ ហើយមាន ការសង្ស័យចំពោះលទ្ធផលអេកូ ដែលបានពិនិត្យរួចនៅកន្លែងផ្សេង ហើមានបំណងចង់ដឹងច្បាស់ថា តើទារកក្នុងផ្ទៃមានបញ្ហា ឬអត់នោះ អាចអញ្ជើញមកជួបជាមួយនឹងលោកស្រី នៅមន្ទីរសំរាកព្យាបាលកម្ពុជាបាន។
ជាមួយគ្នានេះដែរ លោកស្រីវេជ្ជបណ្ឌិត ស៊ាន សុខទៀង បានលើកឡើងថា ស្រ្តីមានផ្ទៃពោះទាំងអស់ មិនថាការមានផ្ទៃពោះតាមបែបធម្មជាតិ ឬ មានផ្ទៃពោះតាមរយៈការបង្កកំណើតកូនក្នុងកែវ គួរតែមកពិនិត្យផ្ទៃពោះដោយម៉ាស៉ីនអេកូទំនើប ជាមួយនឹងវេជ្ជបណ្ឌិត ឯកទេសខាងអេកូសាស្ត្រ យ៉ាងតិចឲ្យបាន៣ដង ពោលគឺនៅត្រីមាសទី១ ទី២ និងទី៣ បន្ថែមពីលើការពិនិត្យផ្ទៃពោះ ជាទៀងទាត់រៀងរាល់ខែ ដើម្បីបញ្ជៀសហានិភ័យទាំងម្តាយ និងទារក។
មន្ទីរសំរាកព្យាបាលកម្ពុជា ស្ថិតនៅជាប់ខាងជើងរបង សាលាបឋមសិក្សាភ្នំដូនពេញ៕