(ប៉ៃលិន)៖ រយៈពេល៤ថ្ងៃចុងក្រោយនេះ ករណីផ្ទះមីនបានកើតឡើង២ករណី ដែលធ្វើបងប្អូនខ្មែរ ដែលបុគ្គលិកដោះមីន របស់អង្គការក្រៅរដ្ឋាភិបាលចំនួន៣នាក់ បានស្លាប់បាត់បង់ជីវិត និងម្នាក់រងរបួសធ្ងន់ ដែលបង្កជាក្តីបារម្ភដល់សុវត្ថិភាព និងអាយុជីវិតរបស់អ្នកដោះមីនដទៃ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ករណីផ្ទុះមីន២ករណីកើតឡើង នៅតំបន់អតីតសមរភូមិសង្គ្រាមក្តៅ រវាងកងទ័ពរដ្ឋាភិបាលកម្ពុជា និងកងទ័ពខ្មែរក្រហម នៅទឹកដីខេត្តប៉ៃលិន ដែលជាតំបន់ស្មុគស្មាញ តម្រូវឲ្យមានការប្រើប្រាស់បច្ចេកទេសខ្ពស់ ក្នុងការដោះមីន។
សេចក្តីរាយការណ៍បានឲ្យដឹងថា ករណីទាំង២នោះដោយករណីទី១៖ កើតឡើងកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ បុគ្គលិកអង្គការបោសសម្អាតមីន HALO TRUST ចំនួន២នាក់ ដែលបានរងគ្រោះថ្នាក់ដោយសារផ្ទុះមីន ដោយម្នាក់បានស្លាប់យ៉ាងអាណោចអាធម័ និងម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងពេលប្រតិបត្តិការដោះមីន ស្ថិតនៅទីតាំងចំណុចអូរតាផៃ ក្នុងភូមិហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ជនរងគ្រោះដែលជា ពលរដ្ឋខ្មែរទាំង២នាក់ រួមមាន លោក លឿង រស្មី អាយុ ៥៤ឆ្នាំ បានស្លាប់បាត់បង់ជីវិត និងលោកស្រី ងុន ថានី អាយុ២៨ឆ្នាំ បានរងរបួសធ្ងន់ ដែលពួកគាត់ទាំង២នាក់ បុគ្គលិកអង្គការបោសសម្អាតមីន HALO TRUST របស់អាមេរិក។
ដោយករណីផ្ទុះមីន១ករណីទៀត បានកើតឡើងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅចំណុចភ្នំ២០០ ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលសមត្ថកិច្ចអះអាងថា បណ្តាលឲ្យបងប្អូនខ្មែរម្នាក់ ដែលជាបុគ្គលិកអង្គការ NPEMEC បានស្លាប់បាត់បង់ជីវិត ប៉ុន្តែបើតាមប្រភពច្បាស់ការ ពីប្រជាពលរដ្ឋ អ្នកស្លាប់ក្នុងហេតុការណ៍នោះ មិនមែនម្នាក់ទេ គឺ២នាក់ ដោយម្នាក់ទៀត ជាប្រជាពលរដ្ឋ ដែលចូលរួមក្នុងប្រតិបត្តិការដោះមីននេះផងដែរ។
ជនរងគ្រោះដែលបាត់បង់ជីវិត ក្នុងប្រតិបត្តិការដោះមីននេះ មានឈ្មោះ សួស យឿន ភេទប្រុស អាយុ៣៩ឆ្នាំ ជាបុគ្គលិកដោះមីនអង្គភាព NPEMEC មានស្រុកកំណើត នៅខេត្តត្បូងឃ្មុំ ខណៈប្រជាពលរដ្ឋម្នាក់ មិនត្រូវបានបញ្ជាក់អត្តសញ្ញាណឡើយ។
ពាក់ព័ន្ធករណីផ្ទុះមីន២ករណីផ្តួនៗគ្នានេះ លោកទេសរដ្ឋមន្ត្រី សិរី កុសល អុនប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានណែនាំឲ្យអង្គការដែលប្រតិបត្តិការ លើការដោះមីននៅតំបន់នោះ បង្កើតការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ព្រោះតំបន់នោះជា សមរភូមិស្មុគស្មាញ ដែលទាមទារនូវការប្រើប្រាស់ឧបករណ៍ទំនើប និងគ្រឿងចក្រផងដែរ។
លោកទេសរដ្ឋមន្ត្រីបានប្រាប់ Fresh News នៅព្រឹកថ្ងៃទី១៨ ខែមករានេះថា «ចំពោះករណីផ្ទុះជាបន្តបន្ទាប់នេះ យើងកំពុងស៉ើបអង្កេត ប្រមូលព័ត៌មាន រកមូលហេតុពិត ពីគ្រប់ជ្រុងជ្រោយ ហើយយើងសម្រេចផ្អាកការដ្ឋានចំណុចផ្ទុះ សិក្សា និងពង្រឹងបច្ចេកទេសឡើងវិញ ដោយអ្នកជំនាញពីអាជ្ញាធរមីន ពីប្រតិបត្តិករបទពិសោធន៍ខ្ពស់»។
លោកបន្ថែមទៀតថា អាជ្ញាធរមីន ក៏នឹងពង្រឹងសតិអារម្មណ៍ ក្រុមដោះមីនឡើងវិញ បង្កើនការប្រុងប្រយត្ន័ ប្តូរក្រុមចាស់ទៅក្រោយសំរាកមួយរយៈ ពង្រឹងស្មារតី បច្ចេកទេស ពិនិត្យដោះស្រាយការធ្វើបុណ្យតាមប្រពៃណី រួមទាំងគោលនយោបាយដល់គ្រួសារសពផងដែរ។
អុនប្រធានអាជ្ញាធរមីនរូបនេះបន្ថែមថា លើសពីនេះអាជ្ញាធរមីន នឹងពិនិត្យដាក់ក្រុមថ្មី មកជំនួសក្រុមចាស់ ដែលមានឧបទ្ទវហេតុ និង ចុងក្រោយបូកសរុប ធ្វើការសន្និដ្ឋាន និងចេញសេចក្តីថ្លែងការណ៍ ក្រោយបានរាយការណ៍ ជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី ជ្រាបនិងសំរេចជាមុន។
សូមជម្រាបថា ចាប់ពីឆ្នាំ២០១១-២០១៦ គ្រាប់មីនប្រឆាំងមនុស្សជាង ២ម៉ឺនគ្រាប់ ត្រូវបានកម្ទេចចោល ហើយផ្ទៃដីជាង ១០៩លានម៉ែត្រក្រឡា ក៏ត្រូវបានបោសសម្អាតផងដែរ សម្រាប់ធ្វើកសិកម្ម សាងសង់លំនៅឋាន និងកសាងរចនាសម្ព័ន្ធ៕