(ស្វីស)៖ នៅព្រឹកថ្ងៃទី១៧ មករា ឆ្នាំ២០១៧នេះ ក្រោយពីបានអញ្ជើញតាមរថយន្តពីទីក្រុង Zurich មកដល់ទីក្រុង Davos ប្រទេសស្វីស, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំរវាងសភាពាណិជ្ជកម្មស្វីស និងក្រសួងពាណិជ្ជកម្ម នៃប្រទេសកម្ពុជា ដែលមានការ អញ្ជើញចូលរួមពីអ្នកវិនិយោគទុនធំៗជាច្រើនរបស់ប្រទេសស្វីស សហភាពអឺរ៉ុប សហររដ្ឋអាមេរិក និងអ្នកវិនិយោគទុនមួយចំនួននៃ ទ្វីបអាស៊ីដែលសរុបប្រមាណ១០០នាក់។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានអញ្ជើញថ្លែងសុន្ទរកថា អំពីសក្តានុពលវិនិយោគ។ លោក Urs Lustenberger ប្រធានសភាពាណិជ្ជកម្មស្វីស អាស៊ី និង លោក Pierre Tami សហគ្រិនផ្នែកសង្គមពីប្រទេសកម្ពុជាបានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអញ្ជើញចូលរួមផ្តល់ព័ត៌មាន និងផ្សព្វផ្សាយអំពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានគាំទ្រ និងលើកទឹកចិត្តដល់អ្នកវិនិយោគទុនទាំងអស់មកវិនិយោគនៅប្រទេសកម្ពុជា។ អ្នកវិនិយោគិនគឺអាចទទួលបាន នូវអត្ថប្រយោជន៍ជាច្រើនពីការវិនិយោគលើវិស័យឧស្សាហកម្ម និងវិស័យសេដ្ឋកិច្ចដែលជាសក្តានុពលដ៏សំខាន់របស់កម្ពុជា។
នៅក្នុងកិច្ចប្រជុំព្រឹកមិញនេះ ក៏មានការបើកឲ្យមានសំណួរចម្លើយដែលមានលោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល, លោកទេសរដ្ឋមន្រ្តី អូន ព័ន្ឋមុនីរ័ត្ន, លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ និងលោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា បានពន្យល់ និងឆ្លើយសំណួរជាច្រើនរបស់អ្នកវិនិយោគគិនផងដែរ។ ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញក្រុមអ្នកវិនិយោគគិនទាំងអស់ ទៅចូលរួមនៅក្នុងវេទិការសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះ៕