(ភ្នំពេញ)៖ បុរសម្នាក់បន្ទាប់ពីផឹកស្រាស្រវឹង​ហើយខ្លែមសំដី ឃើញយុវជនម្នាក់​ជិះម៉ូតូមក​ឈប់និយាយក្បែរ ហើយហៅបង្ខំ​ឲ្យផឹក​ស្រាជាមួយ ពេលគេមិនព្រម​ផឹកទារ​ឲ្យគេ ទិញស្រាបៀរឲ្យកន្លះកេស ​ពេលគេមិនទិញយកមួក​សុវត្ថិវាយ​បែកក្បាលគេ តែត្រូវគេវាយវិញ​ហើមមុខ ចុងក្រោយសមត្ថកិច្ចចាប់ទាំង២​។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាល នៅយប់​ថ្ងៃទី១៧​ ខែមករា ឆ្នាំ​២០១៧​ នៅចំណុចមុខផ្សារ​ត្រពាំងពោធិ៍​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហា​ សុឃឹម​ អាយុ៣០ឆ្នាំ​ មុខរបរជាងសំណង់​ ស្នាក់នៅជិតវត្ត​ត្រពាំងកសាង​ សង្កាត់កាកាប​ ខណ្ឌពោធិ៍សែនជ័យ ចំណែក​ជនបង្កឈ្មោះ ប៉ាវ អាយុ៤៣​ឆ្នាំ​ មុខរបរត់ម៉ូតូឌុប។

នគរបាលបញ្ជាក់ថា មុនពេលកើតហេតុបុរសបង្ក​បានកំពុងអង្គុយ​ផឹកស៊ីមានគ្នា២នាក់ អស់ស្រាថ្នាំ១លីត ខណៈពេលនោះ​​យុវជនរងគ្រោះ បានជិះម៉ូតូមកហើយ​ឈប់នៅ​ក្បែនិយាយទូរស័ព្ទ ពេលនោះជនបង្ក​ក៏បានហៅ​យុវជនខាងលើថា «មកដាក់​មួយកែវ» ដោយយុវជន​រូបនោះឆ្លើយថា «ខ្ញុំអត់ចេះផឹកទេ» ​ស្រាប់តែជន​បង្កចុះ​ទាញដៃ ហើយសំឡុតថា «បើមិនផឹកទិញស្រាឲ្យកន្លះកេសមក!» រួចនិយាយថា «​ហ្អែងឫកម្ល៉េះ» ពេលនោះហើយដែល​ជនបង្ក បានទាញមួកសុវត្ថិភាព​វាយក្បាលជនរងគ្រោះ តែត្រូវ​ជនរង​គ្រោះវាយវិញ បណ្ដាលឲ្យបែកមុខហូរឈាមទាំង២នាក់។

ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋាន បានហៅ​ទាំងជនរងគ្រោះ និងជនបង្កដើម្បីយកមកសួរនាំ ចាត់ការតាមច្បាប់៕

\