(ភ្នំពេញ)៖ លោក គី តិច មេធាវីការពារក្តីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចនាយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះថា ករណីលោក សម រង្ស៊ី ចោទប្រកាន់ «សម្តេចតេជោ ហ៊ុន សែន សូកលុយ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា» នៅពេលនេះសម្តេចតេជោ ហ៊ុន សែន តាមរយៈលោកជាមេធាវីបានសម្រេចដាក់ពាក្យបណ្តឹងប្តឹងលោក សម រង្ស៊ី ទាមទារសំណងជំងឺចិត្តទឹកប្រាក់ ចំនួន១លានដុល្លារសហរដ្ឋអាមេរិក ចំពោះការចោទប្រកាន់ខុសការពិត។
លោកមេធាវី គី តិច បានបញ្ជាក់យ៉ាងដូច្នេះថា «សម្តេចតេជោ ហ៊ុន សែន បានប្រគល់សិទ្ធិឲ្យខ្ញុំតាំងពីមុនថ្ងៃសម្តេចអញ្ជើញទៅប្រទេសស្វីសម្ល៉េះ, ឲ្យខ្ញុំសិក្សាលើករណីលោក សម រង្ស៊ី ចោទប្រកាន់សម្តេចនាយករដ្ឋមន្រ្តីសូកលុយ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា, បន្ទាប់ពីខ្ញុំសិក្សារួចបានរកឃើញថា មានបទល្មើសបរិហាកេរ្តិ៍ជាសាធារណៈ និងមានភស្តុតាងគ្រប់គ្រាន់ ដូច្នេះតាមរយៈខ្ញុំជាមេធាវីមានសិទ្ធពេញលេញនឹងដាក់ពាក្យបណ្តឹងប្តឹងលោក សម រង្ស៊ី ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ដោយទាមទារសងជំងឺចិត្តចំនួន១លានដុល្លារសហរដ្ឋអាមេរិក»។
លោកមេធាវី បានបន្តឲ្យដឹងយ៉ាងដូច្នេះទៀតថា «ពាក្យបណ្តឹងបានរៀបចំរួចរាល់ហើយ នឹងដាក់ចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃស្អែក»។
សូមជំរាបថា ការសម្រេចដាក់ពាក្យប្តឹងលោក សម រង្ស៊ី នៅពេលនេះធ្វើឡើង បន្ទាប់ពីលោក សម រង្ស៊ី បានចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសូកប៉ាន់លុយ ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា ដើម្បីឱ្យនាងធ្វើបាតុកម្មប្រឆាំងនឹងគណបក្សសង្រ្គោះជាតិ។
លោក សម រង្ស៊ី នៅក្នុងឱកាសជំនួបសំណេះសំណាល ជាមួយសកម្មជនគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសបារាំង នៅទីក្រុងប៉ារីស បាននិយាយយ៉ាងដូច្នេះថា «ចុះ...ហ៊ុន សែន សូក ធី សុវណ្ណថា មួយលានដុល្លារ ម៉េចអាណាមិនធើអី ហ៊ុន សែន ផង?...មួយលានដុល្លារ... និយាយ...លុយនោះលុយពុករលួយ ទៅសូកឲ្យមនុស្សធ្វើអាក្រក់ ថាឲ្យវាយប្រហារ...ឲ្យរករឿងគណបក្សសង្រ្គោះជាតិឲ្យធ្វើបាតុកម្ម ឬជួល នេះ ជួលនោះ...ប្រើមួយលានដុល្លារ...»។
សូមជំរាបថា ករណីលោក សម រង្ស៊ី ចោទប្រកាន់ «សម្តេចតេជោ ហ៊ុន សែន សូកលុយ១លានដុល្លារ ដល់កញ្ញា ធី សុវណ្ណថា» នេះក៏ត្រូវបានកញ្ញា ធី សុវណ្ណថា ប្តឹងពីបទបរិហាកេរ្តិ៍ ទាមទារសំណងជំងឺចិត្តចំនួន២៥ម៉ឺនដុល្លារអាមេរិក ហើយកញ្ញាបានដាក់ពាក្យបណ្តឹងនេះរួចហើយនៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ៕